ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបរទេស china-daily ដែលទើបតែបានចេញផ្សាយនូវអត្ថបទសារព័ត៌មានរបស់ខ្លួន បានបញ្ជាក់អោយដឹងថាភ្ញៀវទេសចរ ជនជាតិចិន វ័យជាង ៣០ ឆ្នាំម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតនៅឯប្រទេសកេនយ៉ា ដោយសារតែមានការវាយប្រហារ ពីសំណាក់ដំរីទឹកញីមួយក្បាល បន្ទាប់ពីភ្ញៀវទេសចររូបនោះ ព្យាយាមផ្តិតយកថតកូនដំរីទឹក។

គួរបញ្ជាក់ផងដែរថា ក រណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃ ច័ន្ទ កន្លងទៅ នៅឯបឹងNaivasha ចម្ងាយ ៥ គីឡូម៉ែត្រពីក្រុង Naivasha ប្រទេសកេនយ៉ា។ ដោយឡែក បើនិយាយពីជនរងគ្រោះរូបនោះវិញ ត្រូវបានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា ក្រុមមន្ត្រីជំនាញ មកពីអង្គភាពការពារសត្វព្រៃ បែរជាបាញ់សម្លាប់ដំរី មួយក្បាលនោះ ទៅវិញ បន្ទាប់បានបង្កហេតុ។ គួររំឭកផងដែរថា ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមភ្ញៀវទេសចរគួរណា នៅអោយឆ្ងាយពីដំរីទឹក យ៉ាងហោចណាស់ ចម្ងាយពី ២០ ទៅ ៥០ ម៉ែត្រ នេះបើតាមការអោយដឹងពីមន្រ្តីជំនាញអង្គភាពសត្វព្រៃ នៃប្រទេសកេនយ៉ា៕
ដោយ ៖ ពិសីប្រភព ៖ chinadaily