Kuala Lumpur ៖ ក្មេងប្រុសម្នាក់ត្រូវបានគេសន្មត់ថា កេងប្រវ័ញ្ចកំលាំងពលកម្មរហូតដល់ស្លាប់ បន្ទាប់ពីក្មេងប្រុសម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានឈ្មោះថា Universiti Kebangsaan Malaysia ។
បើតាមភ្នាក់ងារប៉ូលីសរបស់ប្រទេសនេះ បានអោយដឹងថា ពួកគេក៏កំពុងតែព្យាយាមបញ្ជាក់នូវអត្ថសញ្ញាណរបស់ក្មេងប្រុសនោះ ក៏ដូចជាស្វែងរកនូវអត្តសញ្ញាណរបស់ក្រុមគ្រួសារក្មេងប្រុសនោះ ដើម្បីធ្វើការបញ្ជាក់អះអាង ពីមូលហេតុចម្បងអ្វីដែលបណ្តាលអោយក្មេងប្រុសនោះស្លាប់។
មន្រី្តប៉ូលីសរបស់ប្រទេសនេះ បានបង្ហាញរូបថតក្មេងប្រុសដែលបានស្លាប់បាត់បង់ជីវិតរូបនោះ
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ភ្នាក់ងារប៉ូលីសម្នាក់ បានអោយដឹងថា ៖ ក្រុមការងារយើងខ្ញុំទើបតែទទួលបានព័ត៌មានមួយនេះ ក្រោយពីក្មេងប្រុសម្នាក់នោះ ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ កាលពីអំឡុងម៉ោង 8:15 នាទីព្រឹក ដោយបុរសម្នាក់ នឹងនារីពីរនាក់ផ្សេងទៀត តាមរយៈឡានមួយគ្រឿង។
គួរបញ្ជាក់ផងដែរថា ក្មេងប្រុសម្នាក់នោះ បានសន្លប់បាត់បង់ស្មារតីទៅហើយ ស្របពេលដែលគេបានបញ្ជូនមកដល់មន្ទីរពេទ្យ រីឯអ្នកដែលនាំគេមកកាន់មន្ទីរពេទ្យ ក៏បានបើកឡានចេញទៅវិញ ដោយមិនបានបញ្ជាក់អត្តសញ្ញាណអ្វីនោះទេ ។ លុះក្រោយមក មិនបានប៉ុន្មានផង បើតាមសម្តីរបស់លោកវេជ្ជបណ្ឌិតបានអោយដឹងថា ក្មេងប្រុសបានស្លាប់បាត់បង់ជីវិតទៅហើយ ទោះបីក្រុមការងារខិតខំប្រឹងប្រែងជួយគេអោយអស់ពីសមត្ថភាពក៏ដោយ។
រូបក្មេងប្រុសដែលរងគ្រោះដោយកម្លាំងពលកម្ម តែមិនមែនជារូបក្មេងប្រុសដែលរៀបរាប់នៅ ក្នុងអត្ថបទនេះទេ
ទន្ទឹមនឹងពេលនេះដែរ បើតាមរបាយការណ៍ក៏បានបន្ថែមអោយដឹងថា ក្មេងប្រុសនោះត្រូវបានគេរកឃើញស្លាកស្នាម ក៏ដូចជា ស្នាមជាំពេញរាងកាយទាំងអស់ ដែលវាជាសារមួយចង្អុលបង្ហាញអោយឃើញថា ក្មេងប្រុសនេះគឺជាជនរងគ្រោះ ក្នុងការប្រើប្រាស់កំលាំងពលកម្មហួលហេតុ ក៏ដូចជា បានរកឃើញនូវការរងរបួសយ៉ាងធ្ងន់ធ្ងរ នៅត្រង់ពោះរបស់គេផងដែរ ។ តែមកទល់នឹងពេលនេះ ប៉ូលីសមិនទាន់បានបញ្ជាក់ច្បាស់នូវឡើយទេ ពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នោះ ដោយករណីមួយនេះ វាកំពុងតែស្ថិតនៅក្នុងការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ Yourhealth