ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស CNN បានអោយដឹងថា នៅឯម៉ិចសិកឯណោះវិញ មាន់ច្រើនជាង ១លានក្បាល ត្រូវបានសម្លាប់ចោល បន្ទាប់ពីបានរកអោយឃើញថា បានផ្ទុកនូវមេរោគផ្តាសាយបក្សី (H7N3) ។
គួរបញ្ជាក់ផងដែរថា មាន់ទាំងអស់នោះ ត្រូវបាននាំយកមកពីកសិដ្ឋានទាំង ១៨ ដែលមានទីតាំងនៅភាគកណ្តាលប្រទេស ពោលគឺយកមកពីរដ្ឋ Guanajuato នេះបើតាមការអោយដឹងពីមន្រ្តីផ្លូវការមកពីក្រសួងកសិកម្មម៉ិចសិក។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថាក្នុងចំណោមមាន់ច្រើនជាង ១ លានក្បាលដែលត្រូវបានយកទៅសម្លាប់ចោលនោះ រួមមានមាន់ចិញ្ចឹមយកស៊ុតចំនួន៥១៩,០០០ ក្បាល មាន់ចិញ្ចឹមបង្កាត់ពូជ ៧២២,២៦៥ ក្បាល និងមាន់ចិញ្ចឹមយកសាច់ ចំនួន ៩០០,០០០ ក្បាល។
គួរបញ្ជាក់ផងដែរថា មន្រ្តីក្រសួងកសិកម្មប្រទេសនេះបន្ថែមថា មាន់ជិត ២ លានក្បាលត្រូវបានទទួលការចាក់វាក់សាំងការពាររោគឆ្លង ចាប់តាំងពីជម្ងឺរាតត្បាតមួយនេះ បានវាយលុកកាលពីដើមខែនេះ ហើយក៏មានគម្រោងចាក់វាក់សាំងការពាររោគឆ្លងនេះ ទៅកាន់មាន់ចំនួនជាង ១ លានក្បាលផ្សេងទៀតផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN