ព័ត៌មានអន្តរជាតិ ៖ អ្នកបើកបរយន្តហោះ ជនជាតិវៀតណាមពីររូប ត្រូវបានផាកពិន័យនិងព្យួរទោសមួយខែ បន្ទាប់ពីអនុញ្ញាតអោយតារាម៉ូដែលស្រីដ៏ស្រស់ស្អាត ចូលទៅក្នុងកន្លែងបើកបរយន្តហោះ ដោយបានផ្តិតយករូបភាព និង បង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈពេលតែកំពុងបើកបរ បានពាក់កណ្តាលនៅលើអាកាសនោះ នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស relax ។

ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែម អោយដឹងផងដែរថា យន្តហោះមួយគ្រឿងនោះ គឺធ្វើដំណើរពីទីក្រុងហុងកុង ទៅទីក្រុងហាណូយ ប្រទេសវៀតណាម។ដោយឡែក បើយើងងាកក្រឡេក ទៅមើលរូបខាងលើនេះវិញ គេឃើញមាននាង Ly Nha Ky ជាអតីតឯគ្គរាជទូតទេសចរណ៍របស់ប្រទេសវៀតណាម បានយកមួកអ្នកបើកយន្តហោះយកមកពាក់ ជាមួយនឹងវ៉ែនតាការពារកម្តៅថ្ងៃ ដោយបានផ្តិតយករូបភាពជាមួយអ្នកបើកយន្តហោះម្នាក់ ខណៈពេលដែលគាត់ មិនបានខ្វល់ ពីការបញ្ជាយន្តហោះនោះទេ។
លើសពីនេះ បើយោងតាមរបាយការណ៍ពី CapitalBay អោយដឹងថា យន្តហោះមួយគ្រឿងនោះ ហោះហើរដោយស្វ័យប្រវត្តិ auto-pilot នាពេលនោះ ខណៈពេលដែលមានរឿងមួយនេះកើតឡើង តែអ្នកបើកបរយន្តហោះ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុង ស្តីពីសុខសុវត្តិភាពហោះហើរ ដោយមិនខ្វល់ពីការបញ្ជាតែបែរជា ងាកត្រលប់ខ្លួនមកក្រោយ និងផ្តិតរូបថតជាមួយនឹងនារីស្រស់ស្អាតរូបនេះទៅវិញ៕
ដោយ ៖ រិទ្ធីប្រភព ៖ relax