បើទើក្រុមហ៊ុន Apple មិនបានប្រកាសអំពីសមត្ថភាពការពារការជ្រាបទឹកនៅលើ iPhone ថ្មីរបស់ខ្លួន ប៉ុន្តែ ការពិសោធបានឱ្យដឹងថា iPhone 6s និង 6s Plus អាចទប់ទល់នឹងទឹករាប់ម៉ោង ដោយមិនមានបញ្ហា។

ដើម្បីជាការអះអាង បុរសម្នាក់ឈ្មោះ Zach Straley បានធ្វើការពិសោធដោយត្រាំ iPhone 6s និង 6s Plus ក្នុងទឹកប្រហែលជាងមួយម៉ោង។ លទ្ធផល បានបង្ហាញថា ផលិតផលថ្មីរបស់ Apple នេះ នៅតែដំណើរការល្អ។
ក្រោយពីស្រង់ iPhone 6s និង 6s Plus ចេញពីទឹក ការងាររបស់ Zach Straley គឺគ្រាន់តែប្រើ ក្រណាតទន់ ជូតសម្បកខាងក្រៅរបស់វា។
សូមបញ្ជាក់ថា មុខងារដែលត្រូវបាន លោក Zach Straley លើកយកមកពិសោធ រួមមាន 3D Touch កាមេរ៉ា និងប៊ូតុង home ប៉ុន្តែ ទាំងអស់នេះ នៅតែដំណើរការបានរលូន ដោយមិនមានបញ្ហាអ្វីកើតឡើងក្នុងពេលពិសោធ និងបន្ទាប់ពីពិសោធ។
យ៉ាងនេះក្ដី មុខងារចំនួនពីរដែលងាយរងផលប៉ះពាល់ពីការជ្រាលទឹក គឺរន្ធដោតកាស និងរន្ធសាកថ្ម មិនត្រូវបាន Zach Straley លើកឡើង។ ប៉ុន្តែ នៅលើទំព័រ Twitter របស់ខ្លួន Zach Straley បានសរសេរថា មុខងារខាងលើនេះ សុទ្ធតែដំណើរការល្អ។
ថ្វីបើការពិសោធ បានបង្ហាញថា ស្មាតហ្វូនថ្មីរបស់ Apple មានលទ្ធភាពការពារការជ្រាបទឹក ប៉ុន្តែ ខាងក្រុមហ៊ុន Apple មិនបានលើកឡើងអំពីសមត្ថភាពនេះនោះទេ។ ដូច្នេះ ដើម្បីសុវត្ថិភាព អ្នកប្រើប្រាស់គួរតែកុំសាកល្បងត្រាំទឹក ដើម្បីការពារបញ្ហាអាក្រក់កើតឡើង៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BGR/Youtube