សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះជនទំនើង ដែលតែងតែធ្វើការបាញ់បោះ និងកាប់ចាក់សេរី នៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍ និងហាងផឹកស៊ីជាដើម ដែលជា កត្តាធ្វើឲ្យកម្ពុជាបាត់បង់នូវភ្ញៀវទេចរ។សម្តេច បានមានប្រសាសន៍ក្នុងឱកាស ដែលសម្តេចបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រគល់ និងប្រកាសជាផ្លូវការ នូវផែនការទេសចរណ៍ឆ្នាំ ២០១២-២០២០ នាវិមានសន្តិភាព នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១២ នេះថា មិនត្រូវអត់អោនឲ្យទៀតឡើយ មិនថាអ្នកនោះ ជាកូនជាក្មួយរបស់លោកធំណាក៏ដោយ ត្រូវតែចាប់យក មកផ្តន្ទាទោសទាល់តែបាន មិនអាចលើកលែង ពេលដែលពួកគេបាញ់បោះ និងកាប់ចាក់គ្នាតាមទីសាធារណៈនោះ។សម្តេចបានសង្កត់ធ្ងន់ថា រឿងខ្លះវាមិនគួរកើតតែវាកើត យើងគួរឈានដល់ដំណាក់ការផ្តាច់ព្រ័តហើយ មិនគួរត្រូវបានលើកលែងបន្ថែមទេ។ ស្ទើរតែគ្រប់ភោជនីយដ្ឋានដែលមានជនបរទេសទេសចរបរទេសចូលទទួលទាន ប្រជាពលរដ្ឋក្នុងស្រុក ក៏ចូលហាងពេញៗដែរ ប៉ុន្តែចង្រៃអីពួកអាមានកាំភ្លើងនេះ! វាទៅបាញ់ក្នុងហ្នឹង… តើយើងគួរបន្ត ការអត់ឱនពួកហ្នឹងតទៅទេ? នោះហើយជាការបំផ្លាញទេសចរណ៍ មិនមែនធ្វើឲ្យអសន្តិសុខប៉ុណ្ណឹងទេ វាពាក់ព័ន្ធនឹងទេសចរណ៍ទៀតផង។ បើទោះបីជាឳវាប៉ុណ្ណា ក៏យើងត្រូវតែលេង (បង្រ្កាប) វាដែរ ហើយឳពុកម្តាយកុំកាន់ជើង ត្រូវប្រគល់កូនឲ្យនគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ការអំពាវនាវរបស់សម្តេចបែបនេះ បន្ទាប់ពីមានការលេចឮព័ត៌មានជាច្រើន ទាក់ទងនឹងកូនលោកធំៗ មន្រ្តីមួយចំនួនបានយកកាំភ្លើង ទៅចូលក្នុងហាងផឹកស៊ីនានា ហើយបានបាញ់ លេង នឹងបាញ់គំរាមគេជាដើមនោះ។ សម្តេចបានមានប្រសាសន៍បន្តទៀតថា ត្រូវតែមានការរឹតបន្តឹង ហើយបានអំពាវនាវដល់អាជ្ញាធរ គ្រប់ខេត្ត ក្រុងទាំងអស់ ត្រូវតែរក្សាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ គ្រប់ទីកន្លែងទាំងអស់។កាលពីពេលកន្លងទៅនេះ ជាពិសេសរាជធានីភ្នំពេញគេតែងតែសង្កេតឃើញតាមកន្លែងក្លឹបកំសាន្ត ភោជនីយដ្ឋានផឹកស៊ី តាមទីសាធារណៈមួយចំនួន ត្រូវបានបាញ់ បោះសេរី ហើយការបាញ់បោះទាំងនោះ ត្រូវបានគេឲ្យដឹងទៀតថា ជាកូនលោកឧកញ៉ា អ្នកធំ មន្ត្រីនគរបាល ទាហាន កងរាជអាវុធហត្ថជាដើម ហើយការបាញ់របស់ ពួកគេទាំងនោះ មិនត្រូវបានទទូលទោសឡើយ ដោយសារតែអំណាចរបស់ឳពុកម្តាយ និងពួមីងរបស់ពួកគេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចបាន ប្រកាស ជាថ្មីម្តងទៀតហើយថា មិនត្រូវលើកលែងទៀតឡើយ ពីព្រោះ វាអាចធ្វើឲ្យប៉ះពាល់ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

/

/

ភោជនីយដ្ឋានស្បូវមាស ដែលរងការបាញ់បោះ កាលពីប៉ុន្មានខែមកនេះ

ប្រែសម្រួលអត្ថបទពី៖ ksnews