ក្រុមអ្នកគេចពន្ធមួយក្រុមបានត្រូវចាប់ខ្លួន ក្រោយពីបាននាំចូលខុសច្បាប់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ពីហុងកុង ចូលមកកាន់ប្រទេសចិន ដោយការរុំស្មាតហ្វូនទាំងនោះជុំវិញខ្លួន។

យោងតាម People Daily បន្ទាប់ពី Apple បានដាក់លក់ជាផ្លូវការ iPhone 7 និង iPhone 7 Plus ត្រូវបានក្រុមឈ្មួញផ្សារងងឹត រកផ្លូវនាំចូលទៅកាន់ប្រទេសចិន។ កាលពីថ្ងៃទី ១៦កញ្ញា អ្នកដំណើរម្នាក់ត្រូវបានបុគ្គលិកគយក្នុងតំបន់ Shenzhen ឃាត់ខ្លួន ដោយសារតែជននេះនាំយក iPhone 7 ៥គ្រឿងចូលស្រុកដោយមិនមានការអនុញ្ញាត។

ក្នុងថ្ងៃដដែល ការិយាល័យសន្តិសុខនៅក្នុងតំបន់ដដែលបានឃាត់ទុកស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ចំនួន ៤៤គ្រឿង ពីអ្នកដំណើរ ១០នាក់ផ្សេងទៀត។ ៣ម៉ោងក្រោយមក បុគ្គលិកគយរបស់ចិន ក៏ប្រមូលបាន iPhone 7 និង 7 Plus ចំនួន ១៩០គ្រឿង ពីមនុស្ស ៧នាក់។ ក្រុមនេះបានយកស្មាតហ្វូនទាំងនេះចេញពីស្រោម រួចរុំនឹងស្កុតជុំវិញខ្លួន និងជើង។ល។ ដើម្បីបន្លំភ្នែកបុគ្គលិកគយ។
យោងតាមការិយាល័យគយរបស់ចិន ថ្ងៃដំបូងនៃការដាក់លក់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គេចាប់បាន iPhone 7 គេចពន្ធចំនួន ៤០០គ្រឿង ហើយតម្លៃសរុបរបស់វា ប្រមាណជា ៤៥០.០០០ដុល្លារអាមេរិក។ បណ្ដាស្មាតហ្វូនដែលមានប្រភពមកពីក្រុងហុងកុងទាំងនេះ ត្រូវបានគេនាំចូលដោយគេចពន្ធ។

យោងតាមច្បាស់របស់ប្រទេសចិន អ្នកដែលចូលស្រុកចិន គឺមានសិទ្ធិយកតាមខ្លួននូវទូរស័ព្ទចំនួនតែមួយគ្រឿងប៉ុណ្ណោះ ហើយបើលើសពីនេះនឹងត្រូវបានចោទប្រកាន់ថាគេចពន្ធ។ ស្មាតហ្វូន iPhone 7 ចំនួន ៤០០គ្រឿងខាងលើ តាមគម្រោងនឹងត្រូវបានយកទៅដាក់លក់ដេញថ្លៃ។

ស្ថានភាពគេចពន្ធ iPhone ពីក្រុងហុងកុងចូលប្រទេសចិន មានកើតឡើងច្រើននៅរៀងរាល់ពេល Apple ដាក់លក់ស្មាតហ្វូនថ្មី។ មុននេះ ក្រុមហ៊ុន Apple តែងលក់ iPhone ថ្មីនៅហុងកុង មុនប្រទេសចិន ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហុងកុងនិងចិន ដាក់លក់ iPhone ថ្មី ក្នុងពេលដូចគ្នា ប៉ុន្តែ តម្លៃ ខុសគ្នាច្រើន ពោលគឺ iPhone 7 កំណែស្ដង់ដានៅហុងកុង មានតម្លៃប្រហែល ៧១៧ដុល្លារអាមេរិក ចំណែកនៅប្រទេសចិន វាមានតម្លៃ ៨០០ដុល្លារអាមេរិក។ ដោយសារតែមានតម្លៃខុសគ្នាបែបនេះហើយ បានជាមានឈ្មួញជាច្រើនបានស្វែងរកវិធីគេចពន្ធដើម្បីបានចំណេញ៕
ប្រែសម្រួល ៖ បុត្រាប្រភព ៖ Daillymail