បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានចិន នាពេលថ្មីៗនេះ បានអោយដឹងថា មានឧបទ្ទេវហេតុគ្រោះថ្នាក់ដ៏រន្ទត់ពីរលើក បានកើតឡើងក្នុងថ្ងៃតែមួយ ក្នុងប្រទេសចិន បានសម្លាប់មនុស្ស ៤៧ នាក់។
បើយោងតាមសម្តីប៉ូលីសមូលដ្ឋាន បានអះអាង កាលពីថ្ងៃទី ២៦ សីហា ថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតមានក្នុងខេត្ត សាន់ស៊ី ភាគនិរតី ប្រទេសចិន ចំនួនអ្នកស្លាប់ឡើងដល់ ៣៦នាក់ហើយ ។ គ្រោះថ្នាក់នេះកើតមាន កាលពីថ្ងៃទី ២៦ សីហា នាវេលាម៉ោង ២ រំលងអធ្រាត្រ នៅយ៉ាន អាន ខេត្តសាន់ស៊ី ពេលរថយន្តបឺស ១ គ្រឿង បានបុកជាមួយរថយន្តកាំមីញ៉ុង ស៊ីឡែនមួយគ្រឿង ដែលដឹកមេតាណុល ដោយពេលបុកគ្នា បណ្តាលឱ្យមានការផ្ទុះឆេះ ។

ក្នុងចំណោមអ្នក ដំណើរ ៣៩ នាក់ ជិះក្នុងរថយន្តបឺស មានមនុស្សតែ ៣ តែនាក់ប៉ុណ្ណោះ អាចនៅរស់រានមានជីវិត តែត្រូវរបួសធ្ងន់ ។ លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលបានបញ្ជាក់បង្ហាញ អោយដឹងផងដែរថា ក៏មានឧបទ្ទេវហេតុមួយផ្សេងទៀត បានកើតឡើង នៅក្នុងថ្ងៃនោះដែរ ពោលគឺបានកើតឡើងនាវេលាថ្ងៃត្រង់ ក្នុងខេត្តស៊ីឈួន ដែលបានបណ្តាលអោយមនុស្សស្លាប់ដល់ទៅ ១១ នាក់។

គួររំឮកផងដែរថា គ្រាន់តែនៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សដល់ទៅ ៤៧ នាក់ ដូច្នេះ ឆ្លៀតនៅក្នុងឧកាសនេះ ទំព័រសារព័ត៌មាន Camnews ក៏សូមចូលរួមចំណែក ចែករំលែកសារមួយនេះ ក៏ដូចជាធ្វើការដាស់តឿន រាល់អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ នៅតាមផ្លូវសាធារណៈ គួរណាគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ក៏ដូចជាមានការអធ្យាស្រ័យអោយគ្នាក្នុងពេលបើកបរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពអ្នកដទៃ៕
ដោយ ៖ មង្គលប្រភព ៖ chinadaily