ព័ត៌មានអន្តរជាតិ ៖ រកឃើញពូជសត្វកង្កែបប្រភេទថ្មី ចេះហោះសំកាំងខ្លួន នៅក្នុងប្រទេសវៀតណាម ពីសំណាក់អ្នកជីវវិទូ ជនជាតិអូស្រា្តលី នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ពូជសត្វកង្កែបប្រភេទថ្មី ចេះហោះសំកាំងខ្លួនមួយនេះ ត្រូវបានរកឃើញនៅក្នុងដីព្រៃទំនាបមួយកន្លែង ដែលមានចម្ងាយប្រមាណជាង ៩០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ ប្រទេសវៀតណាម។
វាមានសម្បុរពណ៌បៃតងស្រាល ក៏ដូចជាប្រវែង ១០ សង់ទីម៉ែត្រ ស្របពេលដែលវាអាចលោតផ្លោត ឬក៏ហោះសំកាំងខ្លួន ពីដើមឈើមួយទៅដើមឈើមួយ ដោយប្រើជើងដៃដ៏ស្អិតនិងស្ទាត់ជំនាញរបស់វា (its webbed hands and feet as parachutes) ។

គួររំឭកផងដែរ ពូជសត្វកង្កែបប្រភេទថ្មីមួយនេះ ត្រូវបានរកឃើញដោយ Dr Jodi Rowley ជាជីវវិទូ ជនជាតិអូស្រា្តលី មករុករកពូជសត្វប្រភេទថ្មីនៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ។ យ៉ាងណាមិញ ពូជសត្វកង្កែបប្រភេទថ្មីនេះ ត្រូវបានរកអោយឃើញថារស់នៅលើដើមឈើខ្ពស់ ស្របពេលដែលវាចុះមកដី នៅពេលដែលវាបង្កើតកូននៅក្នុងគ្រលុកមានទឹកដក់តែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ