ការបង្កើតគ្រឿងក្នុងរបស់មនុស្ស រួចវះកាត់តភ្ជាប់វា ទៅជំនួសគ្រឿងក្នុងដែលជិតនឹងដល់ពេលត្រូវឈប់ដំណើរការ ឬ “ចម្លង” ដើម្បីបង្កើតមនុស្សថ្មី ដែលមានមុខមាត់ដូចទៅនឹងមនុស្ស ច្បាប់ដើម រួមនឹងការគ្រប់គ្រងទៅលើដំណើរការរបស់ វណ្ណាង្គ (chromosome) ឬមួយប្រើវិធី ទប់ស្កាត់ការវិវត្តទៅរកភាពចាស់នៃកោសិកា គឺជាបណ្ដាវិធីដែលជួយឱ្យមនុស្ស មានជីវិតអមតៈ។ ប៉ុន្ដេ ក្នុងអត្ថបទនេះ យើងខ្ញុំសូមលើកយកវិធីមួយ ក្នុងចំណោមវិធីខាងលើ នោះគឺ ការគ្រប់គ្រងទៅលើដំណើរការរបស់ វណ្ណាង្គ។

រាងកាយរបស់មនុស្ស មានកោសិកាច្រើន ហើយក្នុងកោសិកានិមួយៗ មានស្នូល។ ក្នុងស្នូលរបស់កោសិកា មាន វណ្ណាង្គ (chromosome / ជារចនាសម្ព័ន្ធដែលមានការចាត់តាំង របស់ DNA និង ប្រូតេអ៊ីន ក្នុងកោសិកា) ជាប់គ្នា ជាគូៗ។ មនុស្សម្នាក់ៗ មាន វណ្ណាង្គ ចំនួន ២៣គូ។ វណ្ណាង្គ ១គូ រួមមាន DNA ចំនួន ២សរសៃ ជាប់គ្នា។ DNA (Deoxyribo Nucleic Acid) មានហ្សែនជាច្រើន ដែលត្រូវបានបំលែង ដើម្បីឱ្យរាងកាយសត្វ ចេះផលិតកោសិកា និងអវៈយវៈនានា ព្រមទាំងចេះគ្រប់គ្រង និងដំណើរការកោសិកាទាំងនេះ។
Telomere ស្ថិតនៅលើកំណាត់ចុងក្រោយរបស់ វណ្ណាង្គ ពួកវាក៏មាន DNA ប៉ុន្ដែ មិនមែនហ្សែននោះទេ។ Telomere មានតួនាទី ការពារផ្នែកចុងបង្អស់របស់ វណ្ណាង្គ និងរារាំង មិនឱ្យពួកវាជាប់ចួលគ្នា។ បណ្ដាកំណាត់ផ្នែកខាងចុងបង្អស់របស់ វណ្ណាង្គ នឹងខ្លីជាងមុន បន្ទាប់ពីកោសិកាធ្វើការបែងចែក ហើយការកាត់បន្ថយមកខ្លីជាងមុនរបស់វា ចេះតែប្រព្រឹត្តទៅ រហូតដល់កោសិកា មិនអាចបែងចែកបានទៀត រួចវាក៏ងាប់។

Telomere (ពណ៌ក្រហម) គឺជាកំណាត់ចុងបង្អស់របស់ វណ្ណាង្គ / chromosome នៃស្នូលរបស់កោសិកា (រូបភាព ៖ spectracell.com)
ប៉ុន្ដែ បើតាម Healthday ឱ្យដឹងថា telomerase ដែលជាអង់ហ្សីម (enzyme) ពិសេសមួយ មានលទ្ធភាពរក្សា និងព្យាបាលទៅលើប្រវែងរបស់ telomere ។ ការពិសោធមួយ កន្លងមក បញ្ជាក់ថា telomerase ត្រូវបាន “ដំណើរការ” ភាគច្រើន ក្នុងកោសិកាមហារីក។
Telomerase ចាប់ផ្ដើមដំណើរការ នៅពេលមនុស្ស ស្ថិតក្នុងសភាពជាទារកក្នុងផ្ទៃ ជាដំណាក់កាលដែលបណ្ដាកោសិកា ធ្វើការបែងចែកយ៉ាងលឿន។ មុនអាយុ ៤ ឬ ៥ឆ្នាំ telomerase ក្នុងកោសិកាភាគច្រើន នឹងឈប់ដំណើរការ។ ប្រការខាងលើនេះ មានន័យថា កំណាត់ចុងក្រោយបង្អស់របស់ វណ្ណាង្គ នឹងអន់ខ្សោយទៅតាមពេលវេលា បណ្ដាលឱ្យកោសិកាចាស់ ហើយចុងក្រោយ វាលែងធ្វើការបែងចែក ដូច្នេះ ជាលទ្ធផល មនុស្សយើងនឹងស្លាប់ ដោយសារតែភាពចាស់ជរា។
ប៉ុន្ដែ មកដល់យុគសម័យនេះ មនុស្សនៅតែត្រូវឆ្លាងកាត់ កើត ចាស់ ឈឺ និងស្លាប់
ក៏ប៉ុន្ដែ ដោយសារតែមាន telomerase ទើបកោសិកាមហារីក មិនត្រឹមតែមិនងាប់ប៉ុណ្ណោះទេ តែវាថែមទាំងរីកចម្រើន បង្កើតកូនចៅ ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ឱ្យតែគេគ្រប់គ្រងបាននូវពពួក telomerase និង telomerase នៃកោសិកាមហារីក នោះ DNA ក្នុង វណ្ណាង្គ នឹងនៅតែបន្តធ្វើសកម្មភាព និងជួយឱ្យកោសិសកា មិនចាស់ មិនងាប់ ប្រការនេះ ក៏មានន័យថា មនុស្សនឹងមានជីវិតអមតៈ មិនចាស់ មិនស្លាប់៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Healthday/Viewzone/Guardianlv