បើទោះជា iPhone 7 មិនទាន់បង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែ ក្រុមហ៊ុនកែឆ្នៃមួយនៅវៀតណាម បានឧទ្ទេសនាមនូវសម្បកដែលស្រោបមាស សម្រាប់ស្មាតហ្វូននេះ ហើយវាមានតម្លៃពី ១.៩០០ ដល់ ២.៥០០ដុល្លារអាមេរិក។

/

ទំព័រ Vnexpress បានឱ្យដឹងថា បណ្ដាសម្បកស្មាតហ្វូនខាងលើ មានរចនារូបរាងដូចទៅនឹងព័ត៌មានបែកធ្លាយស្ដីអំពី iPhone រៀបនឹងបង្ហាញខ្លួនរបស់  Apple ។ ប៉ុន្តែ អ្នកដែលមានបំណងទិញសម្បកស្រោបមាសនេះ នៅតែត្រូវរង់ចាំរហូតដល់ខែកញ្ញា ឬខែតុលា បន្ទាប់ពី iPhone 7 បង្ហាញខ្លួនជាផ្លូវការ។

/

បើធៀបនឹង iPhone 6s កាមេរ៉ានៅលើសម្បកស្រោបមាសនេះ ត្រូវបានគេធ្វើឱ្យធំជាង ហើយខ្សែអង់តែនដែលអូសកាត់ទទឹងខ្នងទូរស័ព្ទ ត្រូវបានលាក់នៅជ្រុងខាងលើ។

/

រន្ធដោតកាសនៅជ្រុងខាងក្រោមរបស់ស្មាតហ្វូននេះ ក៏ត្រូវបានបំបាត់ចោល ដោយជំនួសមកវិញនូវរន្ធបំពងសម្លេង។

/

លោក ត្រឹនវ៉ាន់ថាំង តំណាងរបស់ក្រុមហ៊ុន Karalux បង្ហើបឱ្យដឹងថាសម្បកសម្រាប់ iPhone 7 នេះមានប្រភពមកពីចិន ជាកន្លែងផលិត iPhone របស់ Apple ។ លោកបន្តថា ដៃគូរបស់លោក អះអាងថា រចនារូបរាងនៃសម្បកស្រោបមាសនេះ គឺដូច ៩៩% បើធៀបនឹង iPhone ដែលជិតនឹងបង្ហាញខ្លួន។ ពិសេស វាក៏ប្រើប្រាស់វត្ថុធាតុអាលុយមីញូម series 7000 ដូច iPhone 6s និង 6s Plus។

/

បើគេមើលទៅលើសម្បកស្រោបមាសនេះ គេឃើញថា រូបរាងរបស់ iPhone ជំនាន់ថ្មីនេះនឹងមិនមានការផ្លាស់ប្ដូរច្រើនប៉ុន្មាន បើធៀបនឹង iPhone 6s។

ប្រែសម្រួល ៖ តារា