ក្រូចឆ្មារគឺជាគ្រឿងទេស ដែលប្រើក្នុងផ្ទះបាយដ៏សាមញ្ញមួយប្រភេទ សម្រាប់លាយជាមួយអាហារ និងប្រើសម្រាប់កែសម្ផស្សផងដែរ។ ក្រូចឆ្មារនេះវាផ្ដល់គុណប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាលើកម្ពស់ការរំលាយអាហារ រក្សាឱ្យកម្រិត pH មានតុល្យភាពល្អ កម្ចាត់ក្លិនមិនល្អនៅលើរាងកាយ លើកកម្ពស់ប្រព័ន្ធស៊ាំ ប្រឆាំងនឹងរោគឆ្លង និងគ្រប់គ្រងកម្រិតសម្ពាធឈាម។ មិនតែប៉ុណ្ណោះ សក់ និងស្បែករបស់អ្នកក៏ត្រូវធាតុជាមួយក្រុចឆ្មារច្រើនណាស់ដែរ។ ផ្លែឈើជូរប្រភេទនេះគឺជាប្រភពដ៏ប្រសើរ នៃវីតាមីនC កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ វាមានផ្ទុកគុណសម្បត្ដិសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងរោគផ្សិត ដែលជួយលើកកម្ពស់សោភ័ណភាព និងលក្ខណៈនៃសក់ ស្បែក និងក្រចករបស់អ្នក។ ដើម្បីទាញយកគុណប្រយោជន៍ផ្នែកសម្រស់ពីក្រូចឆ្មារ អ្នកគួរពិសាទឹកក្រូចឆ្មាររាល់ថ្ងៃ និងលាបវាទៅលើស្បែករបស់អ្នក។
១. ធ្វើឱ្យស្បែករបស់អ្នកក្មេងជាងវ័យ៖ ទាំងបុរស និងស្រ្ដី ពិតជាត្រូវការឱ្យស្បែករបស់ខ្លួនទន់ម៉ត់រលោង បាត់នូវភាពជ្រីវជ្រួញ និងស្នាមអុជខ្មៅ។ ក្រូចឆ្មារគឺជាគ្រឿងទេសមួយប្រភេទ ដែលជួយឱ្យស្បែករបស់អ្នកក្មេងជាងវ័យ និងធ្វើឱ្យស្បែកមើលទៅស្រស់ស្អាត និងក្មេងខ្ចី។ ជាតិវីតាមីនC នៅក្នុងក្រូចឆ្មារមានប្រសិទ្ធភាពលើកកម្ពស់ការផលិតចេញ Collagen ដែលជួយឱ្យស្ថានភាពស្បែករលាស់ឡើងវិញ ដើម្បីជួយរក្សាឱ្យស្បែកម៉ត់រលោង និងមានសម្រស់ក្មេងជាងវ័យ។ លើសពីនេះទៀតក្រូចឆ្មារក៏មានប្រសិទ្ធភាពការពារប្រឆាំងនឹងរ៉ាឌីកាល់សេរីដែរ ហើយគុណសម្បត្ដិទប់ស្កាត់នូវស្បែកយាររបស់វា ជួយឱ្យស្បែកតឹងណែន និងបង្ការសញ្ញានៃភាពចាស់ភាពចាស់មុនអាយុ ដូចជាជ្រីវជ្រួញ និងស្នាមសង្វារជាដើម។

- ចាក់ទឹកឃ្មុំទៅលើសាច់ក្រូចឆ្មារមួយដុំ ហើយដុសវាថ្នមៗនៅលើមុខរ ក ដៃ និងជើងរបស់អ្នក។ ទុកវានៅលើស្បែករបស់អ្នកឱ្យបានរយៈពេល ១០នាទី បន្ទាប់មកលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។ អនុត្ដវិធីនេះឱ្យបាន ១ ឬពីរដងក្នុងមួយសប្ដាហ៍។
- ជម្រើសមួយទៀត គឺត្រូវលាយទឹកក្រូចឆ្មារជាមួយនឹងទឹកផ្កាកូលាបក្នុងបរិមាណស្មើៗគ្នា ឬប្រេងវីតាមីនE ហើយលាបវាទៅលើស្បែករបស់អ្នក។ ទុកវានៅលើស្បែកឱ្យបានរយៈពេល ១០នាទី មុនពេលលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។ អនុវត្ដវិធីព្យាបាលស្បែកនេះឱ្យបាន ពីរ ឬបីបដងក្នុងមួយសប្ដាហ៍។
- ម្យ៉ាងទៀតសូមពិសា ទឹកក្រូចឆ្មារឱ្យបានពីរដងក្នុងមួយសប្ដាហ៍ដើម្បីរក្សាស្បែករបស់អ្នកឱ្យស្រស់ស្អាតពីខាងក្នុង។
២. ព្យាបាលមុន និងស្លាកស្នាមនៅលើផ្ទៃមុខ៖ ទឹកក្រូចឆ្មារមានផ្ទុកអាស៊ីដ L-ascorbic ជាឱសថបែបធម្មជាតិ ដែលព្យាបាលមុនឱ្យជាសះស្បើយឆាប់រហ័ស។ លើសពីនេះទៀត វីតាមីន C នៅក្នុងទឹកក្រូចឆ្មារជួយលើកកម្ពស់ការលូតលាស់ជាលិកាស្បែក និងកាត់បន្ថយការលេចចេញនូវស្នាមមុន និងស្នាមអុជខ្មៅផងដែរ។ ម្យ៉ាងទៀតក្រូចឆ្មារ មានផ្ទុកនូវគុណសម្បត្ដិប្រឆាំងនឹងបាក់តេរី ដែលជួយសម្លាប់បាក់តេរី ដែលនាំឱ្យកើតមុន។

- យកក្រូចឆ្មារមួយចំណិតទៅខាត់ស្រាលៗនៅកន្លែង ដែលកើតមុន និងស្នាម។ រង់ចាំឱ្យបាន ៥នាទីមុនពេលលាងជម្រះវាដោយទឹកត្រជាក់។ អនុវត្ដវិធីនេះឱ្យ ឱ្យបានពីរដងក្នុងមួយថ្ងៃ រហូតដល់ស្នាមមុននេះបាត់ទៅ។
- ជម្រើសមួយទៀត គឺត្រូវរៀបចំការលាយផ្សំដោយដាក់ ទឹកក្រូចឆ្មារ និងទឹកផ្កាកូលាប កន្លះស្លាបព្រាកាហ្វេស្មើៗគ្នា។ ប្រើដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារនោះ ហើយលាបវានៅត្រង់កន្លែង ដែលមានមុន។ ទុកវាឱ្យបានរយៈពេល ១៥នាទី ហើយលាងជម្រះវាដោយទឹកត្រជាក់។ សូមអនុវត្ដវិធីព្យាបាលនេះឱ្យបានពីរដងក្នុងមួយថ្ងៃ។
- ម្យ៉ាងទៀត សូមពិសាទឹកក្រូចឆ្មារមួយកែវឱ្យបានរាល់ថ្ងៃ ដើម្បីការពារស្បែករបស់អ្នកពីការបំផ្លាញ នៃរ៉ាឌីកាល់សេរី និងរក្សាកម្រិត pH ឱ្យស្ថិតនៅក្នុងកម្រិតដ៏ប្រសើរមួយ។
៣. ព្យាបាលអង្គែរ៖ ទឹកក្រូចឆ្មារអាចព្យាបាលអង្គែរ និងគ្រប់គ្រងការរមាស់នៅលើស្បែកក្បាល។ វាជួយឱ្យរក្សាតុល្យភាព កម្រិត pH នៃស្បែកក្បាលរបស់អ្នក និងកាត់បន្ថយការបញ្ចេញជាតិខ្លាញ់ច្រើសលើសកំណត់ ដែលកត្ដាទាំងពីរយ៉ាងនេះជួយកម្ចាត់អង្គែរលើស្បែកក្បាល។ ម្យ៉ាងទៀត សារធាតុសកម្មប្រឆាំងនឹងរោគផ្សិត និងបាក់តេរីរបស់វា ជួយការពារការឆ្លងរោគនៅលើស្បែកក្បាល។

- លាយទឹកក្រូចឆ្មារពីរៀផ្លែទៅក្នុងទឹកមួយពែង។ ក្រៅយពីធ្វើការកក់សាប៊ូររួច សូមកក់សក់របស់អ្នកជាមួយនឹងទឹក ដែលបានលាយបញ្ចូលគ្នានេះ។ ទុកវាឱ្យបានរយៈពេ ៥នាទី បន្ទាប់មកលាងជម្រះសក់របស់អ្នកដោយទឹកធម្មតា។ សូមអនុវត្ដវិធីព្យាបាលបែបធម្មជាតិនេះឱ្យបានម្ដង ឬពីរដងក្នុងមួយសប្ដាហ៍។
- លាយទឹកក្រូចឆ្មារមួយផ្លែទៅក្នុង ទឹកដោះគោជូរសុទ្ធមួយពែង។ បន្ទាប់មកបន្ថែមប្រេងដូង ឬប្រេងអូលាវទៅក្នុងនោះ និងធ្វើការលាយឱ្យចូលគ្នាល្អ។ លាបសមាសធាតុផ្សំនោះស្រាលៗទៅលើសក់សើមរបស់អ្នក ជាពិសេសត្រង់ឬសសក់។ ពាក់មួកផ្លាទីកសម្រាប់ងូតទឹកឱ្យបាន រយៈពេល ៣០នាទី មុនពេលលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។ សូមអនុវត្ដវិធីនេះឱ្យបាន ម្ដង ឬពីរដងក្នុងមួយសប្ដាហ៍។
បញ្ជាក់៖ សូមចៀសវាការដើរឱ្យប៉ះនឹងកម្ដៅព្រះអាទិត្យ នៅពេលដែលអ្នកប្រើប្រាស់វិធីទឹកក្រូចឆ្មារនេះ ដើម្បីព្យាបាលអង្គែរ ពីព្រោះវាអាចធ្វើឱ្យបាត់បង់ពណ៌សក់របស់អ្នក៕

ប្រែសម្រួល ៖ សារ៉ាត់