ព័ត៌មានអន្តរជាតិ ៖  យោងតាមសេចក្តីរាយការណ៍  ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីថ្ងៃអង្គារម្សិលមិញនេះ អោយដឹងថា​ សត្វពស់អសិរពិសចំនួន ៦០០ ក្បាល  ត្រូវបានអជ្ញាធរថៃ ចាប់រឹបអូស បន្ទាប់ពីបានរកឃើញនៅក្នុងរថយន្តមួយ ដែលសង្ស័យថា ធ្វើការរត់គេចពន្ធ នឹងនាំចូលពីប្រទេសម៉ាឡេស៊ី។

width=482

គួរបញ្ជាក់ផងដែរថា ការចាប់រឹបអូសសត្វពស់អសិរពិសចំនួន ៦០០ ក្បាលនេះ អាចធ្វើទៅបានបន្ទាប់ពីភ្នាក់ងារមានសមត្តកិច្ចប្រចាំប្រទេសថៃ ពោលគឺ អាជ្ញាធរថៃតែម្តង បានឆែកឆេរនឹងរកឃើញនៅក្នុងរថយន្តមួយ នាកន្លែងឆែកឆេរ ក្នុងស្រុក Pranburi ចម្ងាយប្រមាណជាង ២៣០ គីឡូម៉ែត្រ  ពីទីក្រុងបាងកក ​  ស្របពេលដែលមន្រ្តីសមត្តកិច្ច ​បានផ្តល់នូវកិច្ចសម្ភាសន៍ថា ពពួកសត្វល្មូនប្រភេទនេះ ត្រូវបានពួកឈ្មួញធ្វើការនាំចូលគេចពន្ធពីប្រទេសម៉ាឡេស៊ី ដើម្បីធ្វើជាឧសថបុរាណ ក៏ដូចជាមុខម្ហូបមួយចំនួនផ្សេងៗទៀត។

លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបន្ថែមថា  បុរសដែលជាអ្នកបើករថយន្តមួយគ្រឿងនោះ    ក៏ត្រូវបានចាប់ឃាត់ខ្លួនផងដែរ  ស្របពេលដែលពស់ទាំងអស់នោះ  ត្រូវបានគេដាក់ចូលទៅក្នុងឧទ្យានជាតិ ដែលជាតំបន់អភិរក្ស នឹងការពារសត្វព្រៃ របស់ប្រទេសមួយនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ