ព្រឹត្តិការណ៍ Galaxy Unpacked 2016 ដែលបានប្រារព្ធឡើងនៅក្រុងញូវយ៉ក អាមេរិក គឺជាការបង្ហាញខ្លួនជាផ្លូវការរបស់ Samsung Galaxy Note7 ជាស្មាតហ្វូនអេក្រង់ធំថ្មីស្រឡាង ដែលនាំមុខស្រឡាយ Galaxy Note ក្នុងឆ្នាំនេះ។ ជារួម Galaxy Note 7 មានការកែលំអទាំងស្រុង អំពីរចនារូបរាង គ្រឿងម៉ាស៊ីន រួមនឹងមុខងារលេចធ្លោរបស់ផលិតផលនេះ។

/

អំពីរចនារូបរាង Samsung បានលាយបញ្ចូលគ្នារវាងអេក្រង់ធំរបស់ស្រឡាយ Note ជាមួយនឹងអេក្រង់កោងទេរទៅគែមទាំងបួន របស់ Galaxy S7 edge ដើម្បីបង្កើតជា Galaxy Note7។ មានន័យថា Galaxy Note ឆ្នេះនេះ ក្រៅតែពីអេក្រង់ 5,7 inch វាក៏ត្រូវបានបំពាក់បច្ចេកវិទ្យាអេក្រង់កោង ដូចទៅនឹង S7 edge។

ស៊ុមរបស់ Galaxy Note7 ត្រូវបានផលិតឡើងអំពីលោហធាតុ ខ្នងរបស់វាធ្វើអំពីកញ្ចក់ និងបំពាក់បច្ចេក​វិទ្យាទប់ទល់នឹងជម្រាបទឹកតាមស្ដង់ដា IP68 ដូចទៅនឹង Galaxy S7។ ប៉ុន្តែ Galaxy Note7 មានភាពរឹងមាំ អាចទប់ទល់នឹងការកកិត ការប៉ះទង្គិច ដោយសារវាប្រើប្រាស់កញ្ចក់ Corning Gorilla Glass 5។

ចំណែកអេក្រង់របស់ Galaxy Note7 គឺជាប្រភេទ Super AMOLED រីសូលូសឹន Quad HD ។ ជាពិសេស ស្មាតហ្វូននេះ ក៏ត្រូវបាន  Samsung បំពាក់បច្ចេកវិទ្យាបញ្ជូន និងទទួលវីដេអូ HDR ដែល​ជាបច្ចេកវិទ្យាមួយដែលមានការពេញនិយម នៅលើទូរទស្សន៍ឆ្លាតវៃនាបច្ចុប្បន្ន។

អំពីគ្រឿងម៉ាស៊ីន Galaxy Note7 បន្តប្រើប្រាស់ប្រូសេសឺរ Snapdragon 820 ឬ Exynos 8890 អាស្រ័យលើទីផ្សារជាក់ស្ដែង។ ស្មាតហ្វូននេះ មាន RAM 4 GB អង្គចងចាំក្នុង 64 GB អាចបន្ថែមតាមរយៈមេម៉ឺរី។ ថ្មដែលមានថាមពល 3.500 mAh បំពាក់បច្ចេកវិទ្យាសាកថ្មគ្មានខ្សែ និងមានប្រព័ន្ធ 4G LTE Cat.12 និង USB Type-C។

កាមេរ៉ាក្រោយរបស់ Galaxy Note7 មានទំហំ 12 MP និង កាមេរ៉ាមុខ 5 MP។ ក្រោយពីនេះ វាក៏បានបំពាក់​បច្ចេកវិទ្យាទប់ទល់នឹងភាពរំញ័រ និងថតរូបបានច្បាស់ និងលឿន បើទោះស្ថិតក្នុងទីកន្លែងខ្វះពន្លឺ។

ប៊ិច S Pen របស់ Galaxy Note7 អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចសរសេរនៅលើអេក្រង់តាមរយៈមុខងារ ៖ សរសេរលើអេក្រង់កំពុងជាប់សោ (Sceen off memo) រក្សាទុកបណ្ដាកំណត់ហេតុនៅលើអេក្រង់ដែលកំពុងបើក (Always On) បង្កើត និងចែករំលែករូបថតប្រភេទ GIF តាមរយៈ Smart Select។

អ៊ីនធឺរហ្វេល Air Command ក៏ត្រូវបានគេកែលំអជាថ្មី និងមានមុខងារពីរដើរជាមួយ គឺ Magnify និង Translate ដែលងាយស្រួលក្នុងការពង្រីកអេក្រង់ និងប្ដូរភាសា ដោយគ្រាន់តែប្រើប៊ិច S Pen ចុច និងរេទៅរកភាសាដែលត្រូវការ។ ជាងនេះ Galaxy Note7 គឺជាស្មាតហ្វូនដំបូងគេ ដែលអនុញ្ញាត​ឱ្យអ្នកប្រើប្រាស់អាចសរសេរបាននៅក្នុងទឹក។

ក្រៅពីនេះ Galaxy Note7 ក៏មានបំពាក់បច្ចេកវិទ្យាស្កែនប្រស្រីភ្នែកផងដែរ មានន័យថា អ្នកត្រូវដាក់កាមេរ៉ាមុខរបស់ស្មាតហ្វូន តម្រង់ទៅរកភ្នែក ភ្លាមនោះ ស្មាតហ្វូននឹងបើកសោដោយស្វ័យប្រវត្ត គឺដូចទៅនឹង Windows Hello ដែល Microsoft ធ្លាប់បានឧទ្ទេសនាម។ បើមិនចង់ស្កែនប្រស្រីភ្នែក អ្នកប្រើប្រាស់ក៏អាចប្រើមុខងារស្កែនក្រយៅដូនមុន។

តាមគម្រោង Galaxy Note7 នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីថ្ងៃទី ១៩សីហាខាងមុខ ជាមួយនឹងកំណែពណ៌ចំនួនបី គឺ ពណ៌លឿង ពណ៌ប្រាក់ និងពណ៌ខ្មៅ។

 

 

ប្រែសម្រួល ៖ បុត្រា