ការស្វែងរកអាហារឆ្ងាញ់ៗ មកទទួលទាន គឺជារឿងត្រូវធ្វើ នៅពេលអ្នកបានដើរលេងកម្សាន្ដនៅប្រទេសកូរ៉េ។ ប្រទេសកូរ៉េ គឺជាកន្លែងមួយ ដែលសម្បូរដោយមុខម្ហូបឆ្ងាញ់ៗ និងមានតម្លៃសមរម្យ ដែលនឹងធ្វើឱ្យអ្នកចង់វេចវាមកផ្ទះទៀតផង។ សូមកត់ចំណាំទុកនូវមុខម្ហូបពិសេសៗខាងក្រោម មុនពេលអ្នកធ្វើដំណើរកម្សាន្ដទៅប្រទេសកូរ៉េ។

/

(Tteokbokk-i)

ចាប់តាំងពីបង្កើតឡើង ក្នុងឆ្នាំ ១៩៥០ មុខម្ហូប Tteokbokk-I នេះ បានក្លាយជាមុខម្ហូបតាមដងផ្លូវដ៏ពេញនិយមបំផុតរបស់កូរ៉េ។ វាគឺជាអាហារសម្រន់ ដែលមានរសជាតិឆ្ងាញ់ពិសា ដែលមាននំអង្ករស្រួលទំពារ ប្រហិតសាច់ត្រី និងពងទាស្ងោរ ផ្សំជាមួយនឹងទឹកម្ទេសគួរឱ្យចង់ទទួលទាន។ អ្នក អាចរកបាននូវមុខម្ហូបនេះ នៅបារលក់អាហារសម្រន់ តូបលក់អាហារតាមដងផ្លូវ ឬនៅក្នុងភោជនីយដ្ឋាន។

/

(Soondae)

មុខម្ហូប Soondae របស់កូរ៉េ គឺជាសាច់ក្រកលាយឈាមដ៏ប្លែកមួយមុខ ដែលធ្វើឡើងពីពោះវៀនចំហុយញាត់សាច់ និងគ្រឿង។ គ្រឿងផ្សំ ដែលញាត់ក្នុងពោះវៀននោះ មានដូចជា សាច់ចិញ្ច្រាំ អង្ករ និងបន្លែ។ លោកអ្នកអាចរក Soondae ញ៉ាំបាន នៅឯតូបលក់អាហារតាមដងផ្លូវ ហើយវាគឺជាអាហារដ៏ឆ្ងាញ់អស្ចារ្យ ក្នុងការទទួលទាន ប្រសិនបើអ្នកកំពុងចង់ភ្លក្សរសជាតិអាហារថ្មី។

/

(Kalguksu)

គុយទាវ ដែលអ្នកគួរសាកភ្លក្ស នៅក្នុងប្រទេសកូរ៉េ គឺគុយទាវ Kalguksu។ ការលាយបញ្ចូលគ្នានូវទឹកស៊ុប និងគុយទាវធ្វើពីអង្ករស្រូវសាឡី ធ្វើឱ្យអាហារមួយមុខនេះ មានលក្ខណៈពិសេសសម្រាប់ទទួលទានជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ប្រសិនបើអ្នកចូលចិត្ដទទួលទានគុយទាវ Kalguksu គឺជាជម្រើសដ៏ប្រសើរ។

/

Samgyetang

Samgyetang គឺជាស៊ុបមាន់យិនស៊ិនមួយប្រភេទ ដែលមានមាន់ក្រមុំទាំងមូលមួយក្បាល លាយជាមួយខ្ទឹមស អង្ករ  ផ្លែពុទ្រា យិនស៊ិន និងគ្រឿងទេសល្អៗជាច្រើនមុខទៀត។ ស៊ុបក្ដៅនេះ គេពេញនិយមទទួលទាន អំឡុងរដូវក្ដៅនៅប្រទេសកូរ៉េ និងត្រូវបានគេជឿថា មុខម្ហូបមួយមុខនេះ ជំនួយដល់សុខភាព នៅពេលទទួលទាន ក្នុងទិវា Sambok របស់កូរ៉េ ៕ 

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Allkpop