ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង សាច់សខ្ចីស្រីស្រស់នួនល្អង នេត សុចរិយា ក្រោយពីឈានជើង ចូលប្រឡូកក្នុងវិស័យ សិល្បៈមួយរយៈមកនេះ ត្រូវបានមហាជនស្គាល់ និងមើលឃើញថា នាង ជាតារាស្រីមួយដួង ដែលមានឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈសម្តែងខ្សែភាពយន្ត និងធ្វើជាពិធីការិនី តាមបណ្តាកម្មវិធី របស់ទូរទស្សន៍ ក្នុងស្រុកនានា។
ស្របពេលការងារសិល្បៈ និងសន្ទុះនៃកេរ្តិ៍ឈ្មោះ របស់នាង កំពុងតែបោះជំហានទៅមុខ ដូចកាំជណ្តើរ ស្រាប់តែថ្មីៗនេះក៏ឮព័ត៌មាន និយាយចេញមកថា នេត សុចរិយា មានគម្រោងផ្អាកពីសិល្បៈមួយរយៈ ដើម្បីយកពេល ទៅបើកមុខជំនួញ រកស៊ីផ្ទាល់ ខ្លួនខាងក្រៅ។ ខណៈដែលមុននេះ ក៏មានព័ត៌មានថា នាងកំពុងតែត្រៀម ចំណាយលុយ ខ្ទង់រាប់ម៉ឺនដុល្លារ បើករបររកស៊ីផ្ទាល់ខ្លួន។
ផ្អែកតាមប្រភព លេចចេញពីរង្វង់អ្នកសិល្បៈ ជិតស្និទ្ធនឹងតារាស្រីរូបនេះ បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា សព្វថ្ងៃនេះ តារាសម្តែង នេត សុចរិយា កំពុងតែស្វះស្វែង ដើររកទីតាំងបើកហាង រកស៊ីផ្ទាល់ខ្លួន ដែលនឹងត្រូវចំណាយទុន មិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ។ នៅពេល នេត សុចរិយា រកទីកន្លែងរៀបចំបើក ហាងបានហើយនោះ ប្រហែលជាអាចនឹង សម្រេចចិត្តផ្អាកសិល្បៈ មួយរយៈពេលខ្លី ដើម្បីនៅមើល ការខុសត្រូវ រហូតលេចចេញជាផ្លែផ្កា ដំណើរទៅមុខរលូន ទើបនាងចូលសិល្បៈវិញ។ ចំពោះទុនដែលតារារូបនេះ គ្រោងនឹងចំណាយ ត្រូវបានគេប៉ាន់ស្មានថា មិនក្រោម២ម៉ឺនដុល្លារ នោះឡើយ។
គួររំឭកថា មុននេះបន្តិច ក៏មានព័ត៌មាននិយាយ ពីគម្រោងក្នុងការបើកហាងថ្មី របស់តារាសម្តែងរូបស្រស់ នេត សុចរិយា ផងដែរ តែកាលនោះ មិនមាន ប្រតិកម្មអ្វីពី នាងនោះឡើយ។ ផ្ទុយទៅ វិញព័ត៌មាននេះ មិនទាន់ទាំងរសាយប៉ុន្មានផង ពេលនេះ ក៏ធ្លាយទៀតថា នាងចង់ផ្អាកសិល្បៈ ដើម្បីយកពេល ទៅរកស៊ីផ្ទាល់ខ្លួនសិន។
ចំពោះគម្រោងថ្មីនេះ ត្រូវបានគេដឹងថា នេត សុចរិយា នឹងបើកជាហាងលក់សម្លៀកបំពាក់ លក្ខ-ណៈយុវវ័យសម័យថ្មី តម្រូវម៉ូតគ្រប់បុរស-នារី។ ចំណែកឯលុយដែលនាង គ្រោងនឹងយកទៅចំណាយ លើការបើកហាងរកស៊ី ផ្ទាល់ខ្លួននេះ មិនត្រូវបានប្រភពខាងលើ បញ្ជាក់ឲ្យច្បាស់ទេថា ជាលុយរបស់នាង ផ្ទាល់ខ្លួនទាំងអស់ ឬមួយមានជំនួយពី ខាងក្រៅនោះទេ។
ទាក់ទងនឹងព័ត៌មាននេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺ ពី នេត សុចរិយា បាននៅឡើយទេ កាលពីរសៀលថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៣នេះ ។ គេហទំព័រ LookingTODAY ស្វាគមន៍ជានិច្ច ចំពោះការចេញមុខ មកបកស្រាយ នៅពេលក្រោយ ពីសំណាក់ កញ្ញា នេត សុចរិយា ដើម្បីឲ្យមហាជន បានដឹងពីការពិត៕






ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល