ល្ងាចថ្ងៃទី ៥មេសា គ្រោះអាគ្គីភ័យដ៏ធំមួយ រួមនឹងសម្លេងផ្ទុះកក្រើក បានកើតឡើងនៅឯចំណតយានយន្ដមួយកន្លែង ក្នុងក្រុងសៃហ្គន បានបណ្ដាលឱ្យរថយន្ដ និងម៉ូតូ រាប់រយគ្រឿង ត្រូវឆេះខ្ទេច។

/

អាគ្គីភ័យខាងលើនេះ បានកើតឡើងនៅវេលាប្រហែលម៉ោង ជិត ២រសៀល ថ្ងៃទី ៥កន្លងទៅ នៅកន្លែងផ្ញើយានជំនិះ ដែលមានទំហំ ជាង ១០០០ម៉ែត្រក្រឡា ដែលមានម៉ូតូ និងរថយន្ដជាច្រើនរយគ្រឿង។ គ្រោះអាគ្គីភ័យនេះ កើតឡើងនៅតាមបណ្ដោយផ្លូវ កៅឡោ សង្កាត់ ៤ ខណ្ឌ ៨ ក្រុងហូជីមិញ (ព្រៃនគរ) ទុលមុខនឹងមន្ទីរពេទ្យខណ្ឌ ៨ ប្រទេសវៀតណាម។នៅពេលភ្លើងចាប់ផ្ដើមឆាបឆេះភ្លាម ប្រជាជននៅក្បែរនោះ បាននាំគ្នាសម្រុកចូល ជួយយកម៉ូតូចេញ បានរាប់សិបគ្រឿង និងធ្វើការពន្លត់នៅនឹងកន្លែង។ ប៉ុន្ដែ ភ្លើងបានឆាបខ្លាំង និងបានឆេះម៉ូតូជាច្រើនគ្រឿង ហើយក៏ចាប់ផ្ដើមផ្ទុះជាបន្តបន្ទាប់ ធ្វើឱ្យមានអណ្ដាតភ្លើង និងផ្សែង កាន់តែខ្លាំង។

/

ក្រុមពន្លត់អាគ្គីភ័យរាប់សិបនាក់ រួមនឹងរថយន្ដពន្លត់អាគ្គីភ័យរាប់សិបគ្រឿង ក៏បានមកដល់កន្លែងកើតហេតុ។ ពេលនោះ ភ្លើងបានគ្របដណ្ដបពេញទាំងវាលចតយានជំនិះ។ អាជ្ញាធរ ត្រូវបិទផ្លូវទាំងអស់ដែលឆ្លងកាត់តំបន់នេះ។ ក្រុមពន្លត់អាគ្គីភ័យ ត្រូវចំណាយពេលជិត ២ម៉ោង ទើបអាចគ្រប់គ្រងស្ថានភាព។មិនមានសេចក្ដីរាយការណ៍ ស្ដីអំពីមានការបាត់បង់ជីវិត ឬរបួសក្នុងករណីនេះ ប៉ុន្ដែ ប្រភពព័ត៌មានឱ្យដឹងថា វាលទទួលរក្សាយានជំនិះឯកជននេះ ទទួលបញ្ញើយានជំនិះ កង់២ កង់៣ និងរថយន្ដ របស់ប្រជាជននៅក្នុងតំបន់ជិតខាង ហើយចំនួនយានជំនិះ កើនឡើងដល់ជិត ១០០០គ្រឿង។

/

ក្នុងចំណោមយានជំនិះទាំងនោះ មានម៉ូតូចំនួន ជាង ៣០០គ្រឿង និងរថយន្ដ ១គ្រឿង ត្រូវឆេះខ្ទេចនៅសល់តែគ្រោងឆ្អឹង។ មន្ដ្រីនគរបាលឱ្យដឹងថា មូលហេតុដែលនាំឱ្យមានគ្រោះអាគ្គីភ័យនេះ គឺបណ្ដាលមកពីប្រជាជន ដុតសំរាមនៅក្បែរវាលចតយានយន្ដ បណ្ដាលឱ្យភ្លើងឆេះរាលចូលមកខាងក្នុង។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Vexpress