រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញរបាយការណ៍មួយជាផ្លូវការ ដោយធ្វើការថ្កោលទោស វត្ដមានរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសនេះ និងនិយាយថា មានភស្ដុតាងយ៉ាងច្បាស់ក្រឡែតនៃការសមគំនិតរបស់ក្រុមហ៊ុននេះ ជាមួយរចនាសម្ព័ន្ធដ៏ស្មុគស្មាញនៃបក្សគុម្មុយនីស្ដចិន ។

/

ក្រុមហ៊ុន Huawei បានចេញលិខិតឆ្លើយតបមួយ ដោយនិយាយថា របាយការណ៍ខាងលើខ្វះភាពគួរឱ្យទុកចិត្ដ និងផ្អែកទៅលើគំនិត ជៀសជាងយោងទៅតាមការពិត ។ អ្នកនាំពាក្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ត្រូវបាន BBC ដកស្រង់សម្ដីមកនិយាយថា ៖” មនុស្សនឹងសង្កេតមើលការចោទប្រកាន់នេះដល់ទីបញ្ចប់ និងចងចាំនូវអ្វីដែលក្រុមហ៊ុន Huawei បានផ្ដល់ឱ្យចក្រភពអង់គ្លេស ក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ” ។

/

យោងតាមលទ្ធផលស្រាវជ្រាវ ដែលធ្វើឡើងដោយគណៈក​ម្មការការពារជាតិរបស់សភាចក្រភពអង់គ្លេស ក្រុមហ៊ុន Huawei ត្រូវបានផ្ដល់ហិរញ្ញវត្ថុដោយរដ្ឋាភិបាលចិន ដោយអនុញ្ញាតឱ្យក្រុមហ៊ុននេះ លក់ផលិតផលរបស់ខ្លួនក្នុង “តម្លៃទាបគួរឱ្យអស់សំណើច” ។  អ្នកស្រាវជ្រាវម្នាក់ក៏បានអះអាងផងដែរថា ក្រុមហ៊ុន Huawei បានជាប់ពាក់ព័ន្ធនឹង “ការស៊ើបអង្កេត សន្ដិសុខ និងសកម្មភាពកម្មសិទ្ធិបញ្ញាផ្សេងៗទៀត” ។

គណៈកម្មការខាងលើ បានធ្វើសេចក្ដីសន្និដ្ឋាន នៅក្នុងរបាយការណ៍ថា ៖” ខ្លួនជាក់ប្រាកដថា ក្រុមហ៊ុន Huawei មានការជាប់ពាក់ព័ន្ធយ៉ាងខ្លាំង ជាមួយនឹងរដ្ឋចិន និងបក្សគុម្មុយនីស្ដចិន បើទោះជាក្រុមហ៊ុននេះ បានចេញសេចក្ដីថ្លែងការផ្ទុយក៏ដោយ”៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA