ព័ត៌មានអន្តរជាតិ ៖  ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ​ បានគូសបញ្ជាក់អោយដឹងថា មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់ដែនទឹក ក្នុងក្រុង Genoa ប្រទេសអ៊ីតាលី ខណៈកាប៉ាល់ផ្ទុកទៅដោយកុងទ័រន័របុកជាមួយនឹងប៉មត្រួតបញ្ជាការ (Control Tower)នៅកំពង់ផែមួយនេះ។

គួរបញ្ជាក់ផងដែរថា​  ក្រុមមន្រ្តីជំនាញក៏កំពុងតែចេញប្រតិបត្តិ  ការរុករកអ្នកដែលរស់រានមានជីវិត    ដោយធ្វើការមុជរុករកក្រោមទឹក ផ្តុំកន្លែងកើតហេតុ ។  គេជឿថា មនុស្ស ១៣នាក់  បានស្ថិតនៅក្នុងបរិវេណនៃកន្លែងកើតហេតុ បន្ទាប់ពី ៣ នាក់  ត្រូវបានសម្លាប់ និង១០ នាក់ផ្សេងទៀត បានបន្តបាត់ខ្លួន។

width=437

យ៉ាងណាមិញ បើយោងតាមសម្តីបុគ្គលិកក្រុមហ៊ុន  Messina Line company  ដែលមានមូលដ្ឋាននៅកំពង់ផែក្រុង Genoa និងជាម្ចាស់នាវានេះ បានអោយដឹងថា សោកនាដកម្មនេះ  បានកើតឡើងនៅពេលដែលនាវាចាកចេញពីកំពង់ផែ  តែមិនដឹងជាមានមូលហេតុអ្វីច្បាស់នោះទេ ដែលបានបណ្តាលអោយកើតមានឡើងនូវរឿងដូច្នេះ។

លើសពីនេះ        ក៏មានការបញ្ជាក់អះអាង   ពីម្ចាស់នាវាផ្ទាល់ផងដែរ  គឺលោក  Stefano Messina ដោយបានបញ្ជាក់ថា យើងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង​ បន្ទាប់ពីបានទទួលព័ត៌មានថា     បានកើតមានឡើងនូវសោកនាដកម្មមួយនេះ  ដែលកាលពីពេលកន្លងមកមិនដែលធ្លាប់ជួបប្រទះនោះទេ ហើយយើងពិតជាអស់សង្ឃឹមជាខ្លាំង។

ដោយឡែក បើនិយាយពីអ្នកបើកបរកាប៉ាល់រូបនេះវិញ ត្រូវបានចាប់ឃាត់ខ្លួន និងរងការសាកសួរព័ត៌មានលំអិតពីមន្រ្តីជំនាញ។  គួររំឭកផងដែរថា  កាប៉ាល់មួយនោះមានប្រវែងបណ្តោយដល់ទៅ   ២០០  ម៉ែត្រ ទទឹង ៣០ ម៉ែត្រ  និង មានទម្ងន់ធ្ងន់ដល់ទៅ ៤០,៥០០តោនឯណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ