ការចាប់ផ្ដើមថ្ងៃថ្មីរបស់ Kim Ji-yeon នោះគឺការចូលទៅកាន់ទំព័រ Instagram របស់ខ្លួន ដើម្បីមើលការខំមឹនរបស់មិត្តភ័ក្ដិ ទៅលើការបង្ហោះរបស់ខ្លួន កាលពីយប់មុន។
Kim Ji-yeon ឱ្យដឹងថា “ខ្ញុំតែងតែបង្ហោះអ្វីមួយ រៀងរាល់មុនពេលចូលគេង។ ប្រការនេះ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលក្រោយពីក្រោកពីគេង ខ្ញុំអាចមើលការខំមឹនរបស់អ្នកទាំងឡាយ។ ហើយនេះប្រៀបបានដូចជាពិធីមួយសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មី”។
Kim Ji-yeon កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នាងបានប្រាប់ថា ខ្លួនកំពុងញៀននឹងស្មាតហ្វូន ដូចមនុស្សដទៃ។ នាងតែងយកវាជាប់តាមខ្លួនជានិច្ច ហើយពេលខ្លះ នាងក៏មានការព្រួយបារម្ភខ្លាំង នៅពេលទូរស័ព្ទជិតអស់ថ្ម។

Kim Ji-yeon និយាយនៅលើទំព័រ AFP ថា “ខ្ញុំបារម្ភណាស់ ពេលភ្លេចបញ្ចូលថាមពលថ្មម្ដងៗ។ វាហាក់ដូចខ្ញុំបាត់បង់អ្វីមួយក្នុងការរស់នៅ”។
Kim Ji-yeon គឺជានារីម្នាក់ ក្នុងចំណោមនារីស្ទើរតែទាំងអស់ នៅកូរ៉េខាងត្បូង ដែលបានចំណាយពេលច្រើនក្នុងការលេងទូរស័ព្ទ ពិសេសគឺបណ្ដាញសង្គម។ ការស្រាវជ្រាវថ្មីមួយរបស់មន្ទីរពេទ្យ Seoul St. Mary បានរកឃើញថា ស្ដ្រីនៅកូរ៉េខាងត្បូង ប្រឈមនឹងការញៀនស្មាតហ្វូនដល់ទៅពីរដង បើធៀបនឹងបុរស។
នៅក្នុងការស្រាវជ្រាវ ក្រុមវេជ្ជបណ្ឌិត បានសាកសួរស្ដ្រីចំនួន ២.២៨១នាក់ និងបុរស ២.៥៧៣នាក់។ ក្នុងចំណោមអ្នកដែលបានចូលរួមក្នុងការស្រាវជា្រវ គឺមានស្ដ្រី ១៧,៩% ញៀននឹងទូរស័ព្ទ ចំណែកបុរស មានត្រឹមតែ ៩,៤%។
Kim Dae-jin ដែលជាគ្រូពេទ្យផ្នែកសរសៃប្រសាទម្នាក់ ឱ្យដឹងថា “យើងខ្ញុំយល់ថា មូលហេតុដែលនាំឱ្យស្ដ្រីមានការញៀនទូរស័ព្ទ នោះគឺពួកគេងាយនឹងមានទំនាក់ទំនងតាមរយៈបណ្ដាញសង្គម ច្រើនជាងបុរស”។
ការសិក្សាស្រាវជ្រាវខាងលើ ក៏បានរកឃើញថា ស្មាតហ្វូនក៏ជាមូលហេតុដែលនាំឱ្យកើតជម្ងឺផ្លូវចិត្ត និងបញ្ហាទាក់ទឹននឹងសរសៃប្រសាទ ដូចជាការគេចវេសពីការជួបមុខគ្នាផ្ទាល់ជាដើម។
ការសិក្សាស្រាវជ្រាវថ្មីរបស់មន្ទីរពេទ្យ Seoul St. Mary បញ្ជាក់ថា ស្មាតហ្វូនគឺជារបស់មួយដែលអាចជួយអ្នកមានរោគចិត្ត ក្នុងការគេចវេសពីការជួបគ្នាផ្ទាល់មុខ។ ការសិក្សាស្រាវជ្រាវក៏ឱ្យដឹងថា “នៅពេលមនុស្សម្នាក់កំពុងតែមានអារម្មណ៍មិនល្អ ពួកគេនឹងស្វែងរកកន្លែងមួយដើម្បីចាកចេញពីការភ័យខ្លាច និងការព្រួយបារម្ភ។ សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមដែលលាក់ឈ្មោះពិត ពិភពស្រមោលនឹងនាំមកនូវឱកាសមួយសម្រាប់ការធ្វើជាមនុស្សថ្មី និងសកម្មភាពថ្មី។ ដូច្នេះ មនុស្សដែលមិនពេញចិត្តនឹងខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ ពួកគេនឹងងាយញៀននឹងពិភពស្រមោល ដូចជា Facebook ជាដើម”៕
ប្រែសម្រួល ៖ បុត្រា