ក្រុង​ញូវយ៉ក : ទោះ​បី​ជា​មាន​របាយការណ៍​ថា នឹង​មាន​ការ​បញ្ចុះ​តម្លៃ​លើ​ឧបករណ៍​បំពង​សំឡេង​ដ៏​ល្អ​ប្រណីត​នេះ​ក៏ដោយ ក៏​អតិថិជន​ថ្នាក់​មធ្យម​កុំ​រំពឹង​ថា នឹង​មាន​លទ្ធភាព​ជាវ​វា​ឲ្យ​សោះ។

គួររំឮកផងដែរថា    តាម​រយៈ​ការ​បង្ហាញ​របស់​ក្រុមហ៊ុន  Hart Audio's D&W Aural Pleasure ​ ដ៏​ល្បីល្បាញ​នោះ វា​គឺ​ជា​ផលិតផល​បំពង​សំឡេង​ថ្មី​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក ​និង​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​លោក​។

width=503

ឧបករណ៍​បំពង​សំឡេង​នេះ​ត្រូវ​បាន ​រចនាម៉ូដ​ដោយ​ក្រុមហ៊ុន​ធ្វើ​នាឡិកាយក្ស Big Ben នៅ​ចក្រភព​អង់គ្លេស ។  អ្នក​ច្នៃ​ម៉ូដ​បាន​ប្រើប្រាស់​លោហធាតុ​ប្រាក់​ សំរឹទ្ធ និង​ មាស​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ដើម្បី​សូន​ចេញ​ជា​រូបរាង​ឧបករណ៍​បំពង​សំឡេង​នេះ​តែ​ម្ដង។

យ៉ាងណាមិញ​ ក្រៅ​ពី​តម្លៃ​ដ៏​ញាក់​សាច់​នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​សាញ​នឹង​ទិញ​ឧបករណ៍​បំពង​សំឡេង​នេះ គឺ​មក​ពី វា​មាន​ទម្ងន់​ធ្ងន់​តែ​ម្ដង។ ឧបករណ៍​បំពង​សំឡេង​នេះ​ម្ខាង​មាន​ ទម្ងន់​៥០​គីឡូក្រាម​ឯណោះ​ ដូច្នេះ​ម្ចាស់​របស់​វា​ត្រូវ​បែក​ញើស​បន្តិច​ហើយ​ក្នុង​ការ​លើក​ផ្លាស់ទី​ វា​ ដោយ​ខ្លួន​ឯង​នោះ។

width=501

ក្រុម​ហ៊ុន​ D&W Aural Pleasure​ បាន​ផលិត​ដាក់​លក់​លើក​ដំបូង​នេះ​មាន​ចំនួន​ ៩៩ ​គូ​ដោយ​ក្នុង​នោះ​មាន​តែ​មួយ​គូ​ទេ​ធ្វើ​អំពី​មាស​ និង​ ៥ ​គូ​ទៀត​ធ្វើ​ពី​ប្រាក់។ ឧបករណ៍​បំពង​សំឡេង​ធ្វើ​ពី​មាស​មាន​ តម្លៃ​៤,៧​ លាន​ដុល្លារ ។   ចំណែក​ឧបករណ៍​នេះ​ដដែល​ធ្វើ​ពី​ប្រាក់​មាន​តម្លៃ ៣១​ ម៉ឺន​ដុល្លារ ឬ​ធ្វើ​ពី​លោហធាតុ​សំរឹទ្ធ​មាន​តម្លៃ​ជាង​ ៦ ​ម៉ឺន​ដុល្លារ៕

ដោយ ៖ មង្គលប្រភព ៖ Alltop