ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែម្តាយរបស់គេមានការធ្វេសប្រហែសទុកគេចោលក្នុងឡានតែម្នាក់ឯង អស់រយៈពេលជាង ៣ ទៅ ៤ ម៉ោង ។ បើតាមប្រភពពត៌មានបានអោយដឹងថា ស្រ្តីជាម្តាយរូបនោះមានវ័យជាង ៤០ ឆ្នាំ និងមានអាជីពជាគ្រូបង្រៀន។
ប្រភពពត៌មានដដែលនេះក៏បានបញ្ជាក់បន្ថែមផងដែរថា រឿងហេតុនេះបានកើតឡើងកាល ពីថ្ងៃអង្គារ ក្នុងអំឡុងម៉ោង ៧ ព្រឹកពេលដែលស្រ្តីជាម្តាយនាំកូនរបស់ខ្លួនដែលមានវ័យ ៥ ឆ្នាំទៅសាលាមតេយ្យដែលនៅជិតផ្ទះ រួចទើបទៅបង្រៀន តែនៅពេលនោះស្រ្តីជាម្តាយ មិនទាន់បាននាំកូនរបស់ខ្លួនទៅសាលាមតេយ្យផង នាងបែរជាប្រញាប់ប្រញាល់ទៅកន្លែងធ្វើការវិញ ដោយសារមានការងារបន្ទាន់ត្រូវតែដោះស្រាយ។

លុះពេលនាងចេញពីធ្វើការក្នុងអំឡុងម៉ោងជាង ១:៣០ នាទីរសៀល ខណៈពេលដែលនាង ដើរប្រញាប់ប្រញាល់មកកាន់ឡានរបស់នាង ទើបបានដឹងថានាងភ្លេចបញ្ជូនកូនទៅសាលា មតេយ្យ ស្របពេលដែលពេលនោះ ក្មេងប្រុសរូបនេះ បានសន្លប់លេងដឹងខ្លួនបាត់ទៅហើយ
ភា្លមៗនោះ ស្រ្តីជាម្តាយក៏ប្រញាប់នាំគេទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ មានឈ្មោះថា មន្ទីរពេទ្យ Sultanah Aminah ដែលបន្តិចក្រោយមក លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់អះអាង ថា ក្មេងប្រុសនោះបានស្លាប់បាត់ទៅហើយ។

នៅក្នុងថ្ងៃដដែលនោះ វេលាម៉ោង ៣ រសៀល ក្រុមគ្រួសារ ក៏ដូចជាបងប្អូនស្រ្តីជាម្តាយបានមកជួបជុំនៅផ្ទះរបស់គេ ដើម្បីធ្វើពិធីបុណ្យសព ស្របពេលនោះដែរ ក៏មានអ្នកជិតខាង រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកប្រមូលផ្តុំមើល រឿងដែលមិនគួរអោយកើតមានឡើងនេះ។
នៅក្នុងករណីនេះ ប៉ូលីសក៏បានបញ្ចាក់ថា វាគឺជាករណីមួយដែលកើតឡើងដោយអចេតនាដែលស្ត្រីជាម្តាយត្រូវរង់ចាំការកោះហៅរបស់តុលាការនាពេលក្រោយ ថានាងត្រូវមានទោសឬយ៉ាងណា?
ដោយ ៖ រិទ្ធីប្រភព ៖ asiaone