កុមារីអាយុ ២ឆ្នាំម្នាក់ នៅប្រទេសចិន ត្រូវចេញទៅខាងក្រៅជារៀងរាល់ថ្ងៃ ដើម្បីរើសសម្បកដប បន្ទាប់ពីបានដឹងថា ការងារនេះអាចជួយរកប្រាក់បន្ថែមដើម្បីព្យាបាលជម្ងឺ។

ទំព័រ Shanghaiist បានឱ្យដឹងថា Xiao Xiao បានចាប់ផ្ដើមចេញទៅរើសសម្បកដប ក្រោយពីបានឃើញពុកម្ដាយរបស់ខ្លួន ធ្វើបែបនេះ ដើម្បីរកប្រាក់។ ជីតារបស់កុមារីនេះ ប្រាប់ថា ក្នុងរយៈពេល ៣ខែមកនេះ សម្បកដបសរុបដែល Xiao Xiao រើសបាន មានតម្លៃប្រហែល ៥០ យ័ន (៨ដុល្លារអាមេរិក)។ដោយសារតែមានជម្ងឺបេះដូងតាំងពីកំណើត ទើបកុមារី Xiao Xiao រស់នៅក្នុងខណ្ឌ Minhou ក្រុង Fuzhou ខែត្រ Fujian ប្រទេសចិន ងាយនឹងមានកម្លាំងខ្សោយ និងឈឺធ្ងន់។ “រើសសម្បកដប! រើសសម្បកដប!” គឺជាពាក្យដែលកុមារីរូបនេះ ប្រតិកម្មដំបូង នៅពេលបានឃើញដប ដែលគេចោលនៅតាមដងផ្លូវ។ពុករបស់ Xiao Xiao ឱ្យដឹងថា ៖ “Xiao Xiao ត្រូវគ្រូពេទ្យពិនិត្យឃើញថា មានជម្ងឺបេះដូងតាំងពីកំណើត ពេលដែលនាងមានអាយុ ៤ខែ។ អ្នកដែលមានជម្ងឺដូច Xiao Xiao ប្រាប់ថា រោគសញ្ញានេះនឹងមិនថយចុះនោះទេ វានឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។ក្រុមគ្រូពេទ្យបាននិយាយថា ពេលវេលាល្អបំផុតសម្រាប់ព្យាបាលជម្ងឺនេះ គឺមុនពេលនាងមានអាយុ ៣ឆ្នាំ។ ប៉ុន្ដែអ្វីដែលធ្វើឱ្យអស់សង្ឃឹម នោះគឺថ្លៃព្យាបាលឡើងដល់ ១០០,០០០យ័ន(ជាង ១៦,៤០០ដុល្លារ) គឺហូសពីសមត្ថភាពរបស់គ្រួសារ។

Chen Meixiang ដែលជាម្ដាយរបស់កុមារីខាងលើ មានការយកចិត្តទុកដាក់ខ្លាំងទៅលើបបូរមាត់របស់កូន ព្រោះគ្រូពេទ្យធ្លាប់បានប្រាប់ថា មិនអាចពន្យាពេលក្នុងការព្យាបាលនោះទេ ប្រសិនឃើញបបូរមាត់ ប្រែមានពណ៌ស្វាយ។ពុករបស់ Xiaoxiao នៅពេលថ្ងៃ គាត់ធ្វើជាជាងជួសជុលអំពូលភ្លើងនៅតាមដងផ្លូវ ហើយពេលយប់ ត្រូវធ្វើការផ្សេងទៀត ដើម្បីរកប្រាក់ឱ្យបានគ្រប់សម្រាប់ថ្លៃព្យាបាលជម្ងឺកូនស្រី មុនពេលនាងមានអាយុ ៣ឆ្នាំ។ ម្ដាយរបស់ Xiaoxiao ក្រៅពីមើលហាងប៉ាក់ ក៏ត្រូវទៅធ្វើការបន្ថែម នៅហាងម៉ាស្សា ស្ទីមមួយកន្លែងនៅក្បែរនោះ។ លោកយាយរបស់ Xiaoxiao ឱ្យដឹងថា ចៅរបស់ខ្លួន តែងនឹកពុកម្ដាយនាង ហើយតែងមមើហៅឈ្មោះពុកម្ដាយនាងស្ទើររាល់យប់។ក្រោយពីស្ថានភាពលំបាកនៃគ្រួសាររបស់ Xiaoxiao ត្រូវបានចុះផ្សាយនៅលើទំព័រសារព័ត៌មាន ក៏ធ្វើឱ្យមានការរំជួលចិត្តជាខ្លាំង ពីសំណាក់សាធារណជន ហើយពួកគេក៏បានរៃអង្គាសប្រាក់ ដើម្បីអាចជួយសង្គ្រោះជីវិតកុមារីដ៏គួរអាណិតនេះ។

ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃ គ្រួសាររបស់ Xiaoxiao ទទួលបានប្រាក់ពីសប្បុរសជន ជាង ១៤,០០០ដុល្លារ ប៉ុន្ដែ ពុករបស់ Xiaoxiao ឱ្យដឹងថា គ្រួសារអាចរកប្រាក់ដែលនៅខ្វះបាន ទើបបានបដិសេធ ថវិកាពីសប្បុរសជនផ្សេងទៀត។បច្ចុប្បន្ន Xiaoxiao ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសហភាពនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Fujian (Union Hospital of Fujian Medical University) ដើម្បីពិនិត្យ មុនពេលធ្វើការវះកាត់បេះដូង។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ក្ដីបារម្ភរបស់អ្នកម្ដាយ វ័យ ៨០ បង្ខាំងកូនក្នុងទ្រុង ជាង ៤០ឆ្នាំ(មានវីដេអូ)
ជីវភាពប្រជាជន ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ នៅ ម៉ាឡេស៊ី
ពិធីបុណ្យរដូវរងាពីរសប្ដាហ៍ របស់កុលសម្ព័ន្ធ Kalasha
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Ecns/Shanghaiist