(អារ៉ាប៊ីសា​អូឌីត)៖ ពិធីរៀបការមួយ នៅអារ៉ាប៊ីសាអូឌីត បានបញ្ចប់ទៅយ៉ាងឆាប់រហ័ស គ្រាន់តែទើបនឹងបានប្រារព្ធឡើង បានត្រឹមតែពីរម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូនក្រមុំធ្វើខុស ការព្រមព្រៀង ដែលនាងបានសន្យា ជាមួយអនាគតស្វាមី មុនពេល​រៀបការ។

សមាជិកគ្រួសារ ខាងកូនក្រមុំនិយាយថា ប្តីប្រពន្ធថ្មោងថ្មី ដែលទើបនឹង រៀបការនេះធ្លាប់ សន្យានឹងគ្នាមុនពេលការថា មិនឲ្យអ្នកណាចែករំលែករូបថត នៅលើ Snapchat, Twitter ឬក៏ Instagram ឡើយ ស្រាប់តែនារីជាកូនក្រមុំ មិនរក្សាពាក្យសន្យា រួចបង្ហោះរូបថតអាពាហ៍ពិពាហ៍ នៅ​លើ Snapchat ធ្វើឲ្យកូនកំលោះដឹងភ្លាម ក៏ដាក់ពាក្យប្តឹងសុំលែងតែម្តង ដោយសំអាងលើហេតុផលក្បត់សន្យា ខាង​លើនោះ។

ក្រុមគ្រួសារខាងកូនក្រមុំ ផ្ទុះកំហឹង ព្រោះតែយល់ថា កូនកំលោះហាក់មិនមាន​ហេតុផលសោះ គ្រាន់តែរឿងប៉ុណ្ណឹង ហ៊ានដាក់ពាក្យប្តឹងលែងលះ ខណៈមិនទាន់​រៀបការ បានមួយថ្ងៃផង ប៉ុន្តែខាងប្រុសយល់ព្រម តាមការសម្រេចចិត្តរបស់កូនកំលោះ ដោយលើកឡើងថា នារីដែលមិនគោរពពាក្យសន្យា បែបនេះគឺក្បត់ទំនុកចិត្ត៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង