ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស rocketnews កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិចិន ត្រូវបាននាំទៅតុលាការជំនុំជំរះក្តី ខណៈពេលដែលលោកស្រីបានជាប់ចោទពីបទ សម្លាប់មនុស្ស បន្ទាប់ពីគាត់បានចាប់ច្របាច់ពងស្វាសបុរសម្នាក់រហូតទាល់តែស្លាប់បាត់បង់ជីវិត ស្របពេលដែលអំឡុងនៃការកើតមានឡើងនូវជម្លោះ កាលពីថ្ងៃទី១៩ មេសា ឆ្នាំមុនមកម្ល៉េះ ខណៈពេលដែលមកដល់ថ្ងៃទី ៨ មេសា កន្លងផុតទៅថ្មីៗនេះជនជាប់ចោទបាននាំទៅកាន់តុលាការជំនុំជំរះក្តីហើយ។
គួររំឭកផងដែរថា មូលហេតុដែលបានបណ្តាល អោយកើតមានឡើងនូវជម្លោះមួយនេះ ក៏ព្រោះតែស្រ្តីដែលជាជនជាប់ចោទ មានកំហឹងជាខ្លាំង បន្ទាប់ពីបុរសដែលជាជនរងគ្រោះ ក៏ដូចជាម្ចាស់ហាងមួយកន្លែងផងនោះ បានចេញមកស្រែកគំហកដាក់អោយគាត់ថា ៖ អ្នកឯងពាំងផ្លូវនៃការរកស៊ីរបស់ខ្ញុំហើយ ( you’re blocking my business! ) ខណៈពេលដែលលោកស្រីគ្រាន់តែចតកង់អាគុយរបស់ខ្លួន នៅពីមុខហាងរបស់គាត់ បន្ទាប់ពីទៅយកកូនៗចេញពីសាលា។

ករណីនេះហើយ ដែលបានធ្វើអោយកើតជាជម្លោះរហូតដល់ប្រើអំពើហឹង្សា។ ដោយចិត្តខឹងខ្លាំងពេល ជនជាប់ចោទរូបនោះ ក៏ព្យាយាមច្របាច់ពងស្វាស របស់គាត់ពេញមួយទំហឹងតែម្តង ដែលបានបណ្តាលអោយគាត់ បានស្លាប់បាត់បង់ជីវិត បើទោះជា មានការខិតខំជូយសង្គ្រោះពីសំណាក់អ្នកជំនួយការវេជ្ជបណ្ឌិតយ៉ាងណាក៏ដោយ នេះបើយោងតាមសម្តីសាក្សីម្នាក់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៨ មេសាកន្លងទៅ ជនជាប់ចោទរូបនេះ បាននាំខ្លួនទៅកាន់តុលាការហើយ ដោយនឹងមានការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ rocketnews