ក្រោយពីបានទិញយក Motorola ភ្លាម ក្រុមហ៊ុនផលិតទូរស័ព្ទចិន Lenovo បានទាញទម្លាក់ Xiaomi ចេញពីតំណែងអ្នកផលិតស្មាតហ្វូនធំលំដាប់ទី ៣ លើពិភពលោក។

/

យោងតាម IDC បន្ទាប់ពីការទិញដូរក្រុមហ៊ុន Motorola Mobility ពី Google បានបញ្ចប់ រយៈពេល ២៤ម៉ោងក្រោយមក ក្រុមហ៊ុន Lenovo របស់ចិន បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី ៣ ក្នុងពិភពលោក ដោយបានរុញច្រានក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi ឱ្យធ្លាក់មកនៅលំដាប់លេខ ៤។

អគ្គនាយករបស់ Motorola Mobility លោក Osterloh បានសរសេរនៅលើទំព័រ Rwitter របស់ខ្លួនថា ៖ “សូមជូនពរ Xiaomi ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេ​ក្នុងពិភព​លោកលោក។ ប៉ុន្ដែ ក៏សូមអភ័យទោសផងដែរ ដែលចំណាត់ថ្នាក់នេះ មានរយៈពេលតែ ២៤ម៉ោង ដោយសារតែ Lenovo និង Motorola បានក្លាយជាក្រុមហ៊ុនតែមួយ។ យើងខ្ញុំ បានកាន់កាប់តំណែងលេខ ៣”។

IDC ឱ្យដឹងថា ក្រុមហ៊ុន Xiaomi បានលក់ចេញនូវស្មាតហ្វូនសរុប ចំនួន ១៧,៣លានគ្រឿង ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៤។ ចំណែក Lenovo លក់ចេញបាន ១៦,៩លានគ្រឿង ហើយបើទោះជាចំនួនស្មាតហ្វូនដែលបានលក់ចេញរបស់ Motorola មិនទាន់ត្រូវបានគេប្រកាសឱ្យដឹង ប៉ុន្ដែ គេដឹងច្បាស់ថា វាគ្រប់គ្រាន់ ជួយឱ្យ Lenovo ក្លាយជាក្រុមហ៊ុនដែលលក់ចេញនូវស្មាតហ្វូន បានច្រើនជាងក្រុមហ៊ុន Xiaomi ។

/

Google លក់​ Motorola ទៅ​ឱ្យ Lenovo ក្នុង​តម្លៃ ២,៩១​ពាន់​លាន​ដុល្លារ​អាមេរិក

យ៉ាងនេះក្ដី នៅពេលគេពិនិត្យមើលទៅលើដំណើរការ និងភាពល្បីឈ្មោះរបស់ Xiaomi ក្នុងរយៈពេលកន្លង គេជឿថា Lenovo អាចនឹងត្រូវធ្លាក់មកឈរលំដាប់លេខរៀងទី ៤ ក្នុងពេលខាងមុខមិនខាន។

សូមរំលឹកថា កាលពីចុងខែតុលា ក្រុមហ៊ុនវិភាគទីផ្សារ IDC បានប្រកាសឱ្យដឹងអំពីចំនួនស្មាតហ្វូនដែលត្រូវបានលក់​ចេញនៅទូទាំងពិភពលោក សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៤។ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៤ នេះ ស្មាតហ្វូនចំនួន ប្រហែល ៣២៧លានគ្រឿង ត្រូវបានលក់ចេញ គឺកើន ២៥,២% ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៣ និងកើន ៨,៧% ធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០១៤។

/

នៅក្នុងបញ្ជីរបស់ IDC គេឃើញថា Samsung (កូរ៉េខាងត្បូង) នៅតែជាប់ចំណាត់ថ្នាក់លេខ ១ ដោយបានលក់ចេញនូវស្មាតហ្វូនចំនួន ៧៨,១លានគ្រឿង (ស្មើនឹង ២៣,៨%) ចំណែក Apple (អាមេរិក) ជាប់ចំណាត់ថ្នាក់លេខ ២ ដោយលក់ចេញបាន ៣៩,៣លានគ្រឿង (១២%) រីឯ Xiaomi (ចិន) វិញ ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយសារចំនួនស្មាតហ្វូនដែលបានលក់ចេញ របស់ក្រុមហ៊ុននេះ បានកើន ២១១% ក្នុងត្រីមាសទី ៣កន្លងទៅនេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ ICharts/Gen