អន្តរជាតិ ៖ ចំនួនអ្នកដែលបានស្លាប់បាត់បង់ជីវិត អំឡុងពេលមានព្យុះ បុប្ផា បោកបក់មកលើភាគខាងត្បូង ប្រទេសភីលីពីន បានកើនឡើងដល់ ១២៩ នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស chinadaily កាលពីវេលាល្ងាចម្សិលមិញនេះ។

បើយោងតាម អាជ្ងាធរជាតិគ្រប់គ្រងគ្រោះមហន្ដរាយនៃប្រទេសនេះ បានបញ្ជាក់អោយដឹងកាលពីរសៀលថ្ងៃពុធថា គ្រាន់តែចំនួនអ្នកស្លាប់នៅក្នុងខេត្ត Davao Oriental ភាគខាងត្បូង មានចំនួនដល់ទៅ ៨១ នាក់ ខណៈពេលដែល ១៤៨ នាក់ផ្សេងទៀតបានរងរបួស ស្របពេលដែលមនុស្ស ២៥ នាក់ទៀត កំពុងតែបន្តបានបាត់ខ្លួន និងមនុស្សជាង ៥,៧០០ នាក់ផ្សេងទៀត បានបាត់បង់ទីជំរក។

លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា ផ្ទះរាប់រយខ្នង , សំណង់អាគារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ត្រូវបានបំផ្លិចបំផ្លាញអំឡុងពេលមានព្យុះឥតមេត្តាដែលមានឈ្មោះថា បុប្ផា បានបោកបក់មកលើភាគខាងត្បូងប្រទេសភីលីពីន។
ដោយឡែក អាជ្ងាធរជាតិគ្រប់គ្រងគ្រោះមហន្ដរាយនៃប្រទេសនេះ ក៏នៅតែបន្តមានការព្រួយបារម្ភផងដែរ ទាក់ទិនទៅនឹងចំនួនអ្នកស្លាប់នៃគ្រោះមហន្តរាយលើកនេះ អាចនឹងបន្តកើនឡើងខ្ពស់ជាងនេះទៅទៀត៕

ដោយ ៖ រិទ្ធីប្រភព ៖ Chinadaily