ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ដែលទើបតែបានចេញផ្សាយការពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា អតីតអនុរដ្ឋមន្រ្តីយោធាកូរ៉េខាងជើង លោក Kim Chol ត្រូវបានរដ្ឋាភិបាលប្រទេសនេះ ប្រហារជីវិតនឹងកាំភ្លើង បន្ទាប់ពីបានរកអោយឃើញថា លោក Kim Chol មិនគោរពទៅនឹងការបាត់បង់អតីតអ្នកដំកនាំលោក Kim Jong ilពោលគឺ លោក Kim Chol បានសេពគ្រឿងស្រវឹងនៅក្នុងឧកាសកាន់ទុក្ខរយៈពេល ១០០ ថ្ងៃ ។

លើសពីនេះទៅទៀត បើយោងទៅតាមរបាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ក្រោយពីមានការស្លាប់បាត់បង់ជីវិត អតីតមេដឹកនាំរបស់ប្រទេសនេះ (លោក Kim Jong il)កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ ប្រទេសនេះក៏ត្រូវបានដឹកនាំជាបន្ត ដោយលោក Kim Jong Un ជាកូនប្រុសពៅរបស់លោក Kim Jong il ។

គួរបញ្ជាក់ផងដែរថា ទន្ទឹមនិងការបាត់បង់អតីតមេដឹកនាំមួយរូបនេះ រដ្ឋាភិបាលប្រទេសកូរ៉េខាងជើងក៏បានចេញនូវបទបញ្ជា ក្នុងការចូលរួមរំលែកមរណៈទុក្ខក្នុងរយៈពេល ១០០ ថ្ងៃ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋក្នុងស្រុកទាំងអស់ ត្រូវជៀសវាងនូវសកម្មភាពណាមួយដែលមានលក្ខណៈសប្បាយរីករាយ ដែលនៅក្នុងនោះរួមមាន ការសេពគ្រឿងស្រវឹងជាដើម។
លុះក្រោយមក មិនបានប៉ុន្មានផង អតីតអនុរដ្ឋមន្រ្តីយោធាកូរ៉េខាងជើង លោក Kim Chol ត្រូវបានរកអោយឃើញថា ទទួលទាននូវគ្រឿងស្រវឹង នៅក្នុងឧកាសកាន់ទុក្ខទូទាំងប្រទេស រយៈពេល ១០០ ថ្ងៃ ដែលជាចុងក្រោយ រដា្ឋភិបាលរបស់ប្រទេសនោះ ក៏សំរេចចិត្តក្នុងការប្រហារជីវិតអតីតអនុរដ្ឋមន្រ្តីយោធា នឹងកាំភ្លើងតែម្តង៕
ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល