ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស (Abcnews) ដែលបានចេញផ្សាយនាពេលកន្លងទៅ បានអោយដឹងថា ក្រុមឧទ្ទាមតាលីបង់ បានគំរាមសម្លាប់ព្រះអង្គម្ចាស់ហារី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្រុមឧទ្ទាមតាលីបង់បាននិយាយដោយបានបញ្ជាក់ថា ខ្លួនតាំងចិត្ត សម្លាប់ព្រះអង្គម្ចាស់ហារីរបស់អង់គ្លេស ដែលកំពុងបំពេញបេសកកម្មនៅអាហ្វហ្គានីស្ថាន រយៈពេល ៤ ឆ្នាំ បន្ទាប់ពីការបំពេញភារកិច្ចយោធារបស់ ព្រះអង្គនៅអាហ្វហ្គានីស្ថានត្រូវបានកាត់បន្ថយដោយសារការព្រួយបារម្ភអំពីសន្តិសុខ។

អ្នកនាំពាក្យក្រុមឧទ្ទាមនេះបាននិយាយថា ក្រុមខ្លួនមាន ផែនការតម្លៃខ្ពស់ មួយដើម្បីវាយប្រហារលើរាជទាយាទ លំដាប់ទី ៣ នៃរាជបល័ង្កអង់គ្លេស នៅក្នុងខេត្តហេលម៉ាន់ ភាគខាងត្បូង ។ អ្នកនាំពាក្យបានបន្ថែមថា យើងនឹងធ្វើអ្វី គ្រប់យ៉ាងដែលអាចដើម្បីសម្លាប់ព្រះអង្គម្ចាស់ហារី និង ទាហានអង់គ្លេសនៅហេលម៉ាន់។ វាមិនសំខាន់ទេក្នុងការចាប់ពង្រត់រូបគេនោះទេ ពោលគឺ យើងនឹងផ្តោតសំខាន់ទៅលើការសម្លាប់រូបគាត់តែម្តង។ គួររំឮកផងដែរថា ព្រះអង្គម្ចាស់ហារីដែលជាស្ថាបនិក ក៏ដូចជា អាកាសយានិកឧទ្ធម្ភាគចក្រ Apache វ័យ ២៧ ឆ្នាំរូបនេះ នឹងចំណាយពេល ៤ ខែនៅជំរំ Camp Bastion ក្នុងខេត្តហេលម៉ាន់ ៕
ដោយ ៖ រិទ្ធីប្រភព ៖ Abc