(ពិភពលោក)៖ ខណៈដែលមនុស្សមួយចំនួនមានអាហារបរិភោគសម្បូរហូរហៀរ រហូតដល់សល់ខ្ជះខ្ជាយនោះ មនុស្សប្រមាណ ៨៧០លាននាក់ផ្សេងទៀតនៅលើពិភពលោកយើង ដែលកំពុងប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរបំផុត នេះបើយោងតាមតួលេខចេញផ្សាយដោយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ថា WFP ។ ខាងក្រោមនេះជាប្រទេសទាំង១០ ដែលប្រឈមមុខនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរជាងគេលើពិភពលោក៖

១៖ ប្រទេសប៊ូរុនឌី (Burundi)៖ ប្រជាពលរដ្ឋ ៧៣.៤ភាគរយ គ្មានអាហារបរិភោគគ្រប់គ្រាន់

ប្រទេសប៊ូរុនឌី ស្ថិតនៅភាគខាងកើតទ្វីបអាហ្វ្រិក គ្មានបន្ទាត់ព្រំដែនជាប់សមុទ្រឡើយ។ បញ្ហានេះនាំឲ្យប្រទេសប៊ូរុនឌី មានកំណើនសេដ្ឋកិច្ចទាបជាងប្រទេសដែលមានព្រំដែនជាប់សមុទ្ររហូតដល់ប្រមាណ ៦ភាគរយ ដោយសារត្រូវចំណាយលើថ្លៃដឹកជញ្ជូនក្នុងការនាំចូល និងការនាំចេញ ជាងនេះទៅទៀតប្រទេសនេះត្រូវការនាំចូលទំនិញច្រើនជាងការនាំចេញ។

ប្រទេសអាហ្វ្រិកមួយនេះ មានប្រជាពលរដ្ឋ ៩.៨៥លាននាក់ ក្នុងនោះពាក់កណ្តាលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ និងប្រមាណ ៣៥ភាគរយគ្មានការងារធ្វើ។ បញ្ហាសំខាន់មិនមែនមកពីប្រទេសនេះមិនអាចផលិតស្បៀងអាហារបាននោះទេ ប៉ុន្តែដោយសារបញ្ហាមួយចំនួនដូចជា ចំនួនប្រជាជនច្រើន សំណឹកដី បម្រែបម្រួលអាកាសធាតុ តម្លៃអាហារខ្ពស់ និងការអូសបន្លាយនៃសង្គ្រាមស៊ីវិល។

width=730

width=730

២៖ ប្រទេសអេរីទ្រា (Eritrea)៖ ៦៥.៤ភាគរយ នៃចំនួនប្រជាជនគ្មានអាហារបរិភោគគ្រប់គ្រាន់

ប្រទេសអេរីទ្រា មានទីតាំងស្ថិតនៅឧបទ្វីប Horn នៃទ្វីបអាហ្វ្រិក។ ប្រទេសនេះធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាអកុសលកំណើនសេដ្ឋកិច្ចមិនអាចកាត់បន្ថយភាពអត់ឃ្លានបានឡើយ។

ទោះបីជាប្រទេសនេះប្រើប្រាស់ឧបករណ៍ទំនើបសម្រាប់វិស័យកសិកម្ម យ៉ាងនេះក្តីវាមិនអាចដោះស្រាយវិបត្តិគ្រោះអត់ឃ្លានបានឡើយ ដោយសារការខ្វះខាតផ្នែកសេវាកម្មហិរញ្ញវត្ថុ និងការធ្វើវិនិយោគទុន។ ម្យ៉ាងទៀតដោយសារប្រទេសនេះខ្វះមនុស្សមានជំនាញផ្នែកកសិកម្ម គ្រាប់មីនជាច្រើនគ្រាប់ និងការប្រឈមមុខនឹងសង្គ្រាមជាមួយប្រទេសជិតខាង។ មិនតែប៉ុណ្ណោះដីមួយភាគបួន ត្រូវបានទុកចោលមិនបានប្រើប្រាស់ឡើយ។

width=730

width=730

៣៖ ប្រទេសកុំម៉ូរ៉ូស (Comoros)៖ ប្រជាពលរដ្ឋ ៧០ភាគរយគ្មានអាហារបរិភោគគ្រប់គ្រាន់

ប្រទេសកុំម៉ូរ៉ូស ជាប្រទេសដីកោះ ផ្គុំឡើងពីកោះបីតូចៗដាច់ពីគ្នា ស្ថិតក្នុងមហាសមុទ្រឥណ្ឌាក្បែរទ្វីបអាហ្វ្រិក។ ប្រទេសនេះមានចំនួនប្រជាជន ៨០០ពាន់នាក់ប៉ុណ្ណោះ ក្នុងនោះមានប្រជាពលរដ្ឋពាក់កណ្តាលរស់ក្រោមបន្ទាត់នៃភាពក្រីក្រ។ បើទោះបីជាមានប្រជាពលរដ្ឋវ័យក្មេងច្រើនធ្វើការក្នុងវិស័យកសិកម្មនេះ ប៉ុន្តែពួកគេនៅខ្វះចំណេះដឹងជំនាញ គ្មានគំនិតច្នៃប្រឌិតថ្មី ជាហេតុធ្វើឲ្យប្រទេសកុំម៉ូរ៉ូស ត្រូវបង្ខំចិត្តបន្តទទួលជំនួយពីបរទេសក្នុងគោលដៅជម្រុញវិស័យអប់រំ និងហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រ។

width=730

width=730

៤៖ ប្រទេសទីម័រខាងកើត (Timor Leste)៖ ប្រជាពលរដ្ឋ ៣៨ភាគរយ គ្មានអាហារបរិភោគគ្រប់គ្រាន់

ទីម័រខាងកើត ជាប្រទេសដីកោះតូចជាងគេ ដែលមានប្រជាពលរដ្ឋជាង ១លាននាក់ប៉ុណ្ណោះ។ ប្រទេសនេះស្ថិតនៅចន្លោះរវាងប្រទេសឥណ្ឌូនេស៊ី និងអូស្ត្រាលី។ ការអភិវឌ្ឍន៍វិស័យឯកជន មិនមានភាពជឿនលឿនដោយសារប្រជាពលរដ្ឋខ្វះខាតនូវជំនាញហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធច្បាប់មិនទាន់ពេញលេញ គ្មានសមត្ថភាពក្នុងការគ្រប់គ្រងបរិយាកាស។ ប្រទេសទីម័រខាងកើត រងភាពអត់ឃ្លានខ្លាំងបំផុតចាប់ពីខែវិច្ឆិកា ដល់ខែមីនា ជាដំណាក់កាលដែលស្បៀងអាហារចាស់ចាប់ផ្តើមអស់ ខណៈដែលស្បៀងអាហារថ្មីមិនទាន់ផ្តល់ផលនៅឡើយ។

width=730

width=730

៥៖ ប្រទេសស៊ូដង់ (Sudan)៖ ប្រជាពលរដ្ឋស៊ូដង់ ២៥ភាគរយ ជួបប្រទះភាពអត់ឃ្លាន

ភាពអត់ឃ្លានបានកើតឡើងជាញឹកញាប់ក្នុងប្រទេសស៊ូដង់ ដោយសារប្រទេសនេះរងគ្រោះដោយបញ្ហាមួយចំនួនដូចជា ធ្លាប់មានប្រវត្តិរងគ្រោះដោយសារជម្លោះជនជាតិភាគតិច ការញាំញីដោយសង្គ្រាមស៊ីវិល និងសង្គ្រាមក្នុងតំបន់ដាហ្វរ។ ហេតុផលមួយទៀតដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដែលជាបញ្ហាមួយមិនអាចគ្រប់គ្រងបានឡើយ។

width=730

width=730

៦៖ ប្រទេសឆាត (Chad)៖ ប្រជាពលរដ្ឋ ៣៣.៤ភាគរយ ក្នុងប្រទេសឆាត ជួបប្រទះភាពអត់ឃ្លាន

ឆាតជាប្រទេសគ្មានបន្ទាត់ព្រំដែនជាប់សមុទ្រឡើយ ស្ថិតក្នុងតំបន់អាហ្វ្រិកកណ្តាល និងមានអាកាសធាតុក្តៅស្ងួត។ ភាពក្រីក្រក្នុងប្រទេសឆាត មានសភាពកាន់តែធ្ងន់ធ្ងរ ដោយសារបញ្ហាជម្លោះ ដែលបានអូសបន្លាយអស់រយៈពេល ៥០ឆ្នាំ បន្ទាប់ពីការទទួលបានឯករាជ្យ។ ភាពតានតឹងបានកើតឡើងរវាងជនជាតិភាគតិចក្នុងតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូង ដែលបង្កឲ្យមានបញ្ហាអស្ថិរភាពផ្នែកនយោបាយ និងសេដ្ឋកិច្ច។

ម្យ៉ាងទៀតដោយសារប្រទេសនេះ រងឥទ្ធិពលពីវិបត្តិនៃប្រទេសជិតខាងគឺប្រទេសស៊ូដង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ជនភៀសខ្លួនប្រមាណ ៣៣០ពាន់នាក់ បានភៀសខ្លួនមកកាន់ប្រទេសនេះ ដែលបានបន្ថែមនូវសម្ពាធកាន់តែធ្ងន់ធ្ងរដល់ប្រទេសឆាតបន្ថែមទៀត។

width=730

width=730

៧៖ ប្រទេសយ៉េម៉ែន (Yemen Republic)៖ ប្រជាពលរដ្ឋ ៣២.៤ភាគរយ ខ្វះអាហារបរិភោគ

ប្រទេសយ៉េម៉ែន ជួបប្រទះបញ្ហាអសន្តិសុខស្បៀងអាហារអស់រយៈពេល ១០ឆ្នាំមកហើយ។ វិបត្តិនេះដោយសារចំនួននៃអ្នកផ្លាស់ប្តូរទីលំនៅខ្ពស់ សង្គ្រាមស៊ីវិល អស្ថិរភាពនយោបាយ តម្លៃអាហារខ្ពស់ ភាពក្រីក្រតាមតំបន់ ការហូរចូលនូវជនភៀសខ្លួន និងជនអន្តោប្រវេសន៍។

កុមារយេម៉ែនជិតពាក់កណ្តាលដែលមានអាយុក្រោម ៥ឆ្នាំ គឺស្មើ ២លាននាក់មិនមានការធំលូតលាស់ និង ១លាននាក់ផ្សេងទៀតកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ នាំឲ្យប្រទេសនេះស្ថិតក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត នៅលើពិភពលោកដែលខ្វះខាតអាហារធ្ងន់ធ្ងរបំផុត។

width=730

width=730

៨៖ ប្រទេសអេត្យូពី (Ethiopia)៖ ប្រជាពលរដ្ឋ ៤០.២ភាគរយ គ្មានអាហារបរិភោគគ្រប់គ្រាន់

ប្រទេសអេត្យូពី ស្ថិតក្នុងឧបទ្វីប Horn នៃទ្វីបអាហ្វ្រិក។ កាលពីឆ្នាំ២០១១ កន្លងទៅនេះ ប្រទេសនេះជួបប្រទះភាពរាំងស្ងួត បណ្តាលឲ្យមនុស្ស ៤.៥លាននាក់ ត្រូវការចាំបាច់នូវជំនួយស្បៀងអាហារជាបន្ទាន់។ តំបន់ភាគខាងត្បូង និងភាគអាគ្នេយ៍របស់ប្រទេសនេះ រងផលប៉ះពាល់ខ្ពស់ដោយសារគ្រោះរាំងស្ងួត។ ក្នុងពេលនោះដែរ ទីផ្សារលក់ដូរជួបប្រទះបញ្ហាធ្លាក់ចុះជាខ្លាំងនៃផលិតផល ដែលនាំឲ្យតម្លៃទំនិញកើនឡើងខ្ពស់ ដែលបណ្តាលឲ្យមានបញ្ហាអសន្តិសុខស្បៀងក្នុងចំណោមប្រជាពលរដ្ឋក្រីក្រ។

width=730

width=730

៩៖ ប្រទេសម៉ាដាហ្កាស្ការ (Madagascar)៖ ប្រជាពលរដ្ឋ ៣៣.៤ភាគរយគ្មានអាហារបរិភោគគ្រប់គ្រាន់

ប្រទេសម៉ាដាហ្កាស្គារ ជាប្រទេសដីកោះស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក។ ប្រទេសនេះធ្លាប់រងគ្រោះដោយគ្រោះធម្មជាតិដូចជា ព្យុះស៊ីក្លូន ទឹកជំនន់ និងគ្រោះរាំងស្ងួត។ ក្នុងឆ្នាំ២០១៣ កន្លងទៅនេះ ប្រទេសដីកោះមួយនេះ បានប្រឈមមុខនឹងការបំផ្លិចបំផ្លាញផលដំណាំ ដោយសារសត្វកណ្តូបយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដែលបានបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋ។ សរុបជារួមមានមនុស្សប្រមាណ ៤លាននាក់ ដែលប្រឈមមុខនឹងភាពអត់ឃ្លានកាលពីឆ្នាំ២០១៣ កន្លងទៅនេះ។

width=730

width=730

១០៖ ប្រទេសហ្សំបៀ (Zambia)៖ ប្រជាពលរដ្ឋចំនួន ៤៧.៤ភាគរយគ្មានអាហារបរិភោគគ្រប់គ្រាន់

ប្រទេសនេះបានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ខ្វះអាហារូបត្ថម្ភ ភាពក្រីក្រ អសន្តិសុខស្បៀង មេរោគអេដស៍ ជំងឺអេដស៍ និងគ្រុណចាញ់។ ខណៈដែលប្រទេសមួយនេះ បានកាត់បន្ថយភាពភាពក្រីក្រពីកម្រិត ៥៨ភាគរយ (ឆ្នាំ១៩៩១) មកត្រឹម ៤២.៧ភាគរយ (ឆ្នាំ២០១០) តែភាពក្រីក្រនៅតែបន្តកើតមានធ្ងន់ធ្ងរក្នុងតំបន់ជនបទ គឺមានចំនួន ៥៧ភាគរយ បើប្រៀបធៀបទៅទីក្រុងដែលមានចំនួន ១៣ភាគរយ។ វិបត្តិខ្វះស្បៀងអាហារកើតឡើង ដោយសារការពឹងផ្អែកខ្ពស់ទៅលើទឹកភ្លៀង និងកង្វះការលើកទឹកចិត្តពីសំណាក់ទីផ្សារ៕

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី