ព័ត៌មានអន្តរជាតិ ៖ ថ្មយក្សទំងន់ធ្ងន់ (១២ តោន) ត្រូវបានរកអោយឃើញថា បានរមៀលទម្លុះផ្ទះស្រ្តីម្នាក់ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
ទន្ទឹមនឹងនេះ ក៏មានការបកស្រាយពីសំណាក់មន្រ្តីផ្លូវការប្រចាំរដ្ឋមួយនេះផងដែរថា ថ្មយក្សទម្ងន់ធ្ងន់មួយនេះ ត្រូវរមៀលចេញពីការដ្ឋានកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ស្របពេលដែលមានភ្លៀងធ្លាក់ និង ខ្យល់ខ្លាំង ដែលក្រោយមក វារមៀលបានប្រមាណជាង ៣០០ ហ្វឺត ( 300 feet) ទើបរមៀលទៅទម្លុះជញ្ជាំងផ្ទះ ស្រ្តីម្នាក់ ក្នុងរដ្ឋ California សហរដ្ឋអាមេរិកតែម្តង។

លើសពីនេះទៅទៀត បើយោងតាមសម្តីស្ត្រីជនរងគ្រោះ ឈ្មោះ Janielle Gendelman បាននិយាយបញ្ជាក់អោយដឹងថា ដើមឡើយ គាត់បានឮសម្លេងបុកទង្គិចយ៉ាងខ្លាំង ស្របពេលដែលវាបានធ្វើអោយផ្ទះទាំងមូលញ៉ាប់ញ័រក៏ដូចជារញ្ជូយផងដែរ។ភ្លាមៗនោះ អ្នកស្រីក៏បានស្ទុះរត់ទៅមើលទើបបានដឹងថា មានថ្មយក្សទម្ងន់ធ្ងន់មួយ បានរមៀលមកបុកជញ្ជាំងផ្ទះ ធ្វើអោយក្រហូងយ៉ាងធំដូចគេចោះ តែទោះជាយ៉ាងណា វាមិនបានបណ្តាលអោយមនុស្សស្លាប់ ឬរងរបួសនោះទេ គ្រាន់តែបានធ្វើអោយទ្រព្យសម្បត្តិមួយចំនួនត្រូវបានខូចខាតតែប៉ុណ្ណោះ។
លោកស្រី Janielle Gendelman រស់នៅផ្ទះតែឯង ស្របពេលដែលមានសត្វចិញ្ចឹមដល់ទៅ ៣ក្យាលក្នុងនោះឆ្កែមួយក្បាល និងឆ្មាពីរក្បាល៕
ប្រភព ៖ Happeningប្រភព ៖ ពិសិដ្ឋ