នៅពេលគេនិយាយដល់របបអាហារត្រឹមត្រូវ មនុស្សជាច្រើននឹងស្រមៃដល់ការសម្រកទម្ងន់។ ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រមួយក្រុម មកពីសកលវិទ្យាល័យ California ខាងត្បូង មិនយល់ឃើញដូច្នេះទេ។ ពួកគេយល់ថា របបអាហារត្រឹមត្រូវ អាចនឹងជួយឱ្យមនុស្សមានអាយុវែងជាង បើធៀបនឹងមនុស្សដែលមានរបបអាហារមិនត្រឹមត្រូវ។
ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញថា ការហូបអាហារតិចជាងធម្មតា ក្នុងរយៈពេល ៥ថ្ងៃ ជារៀងរាល់ខែ អ្នកអាចនឹងពន្យាពេលនៃការវិវឌ្ឍទៅរកភាពចាស់ ទន្ទឹមនឹងការរារាំងការកើតជម្ងឺបេះដូង ទឹកនោមផ្អែម និងមហារីក។ របបអាហារនេះមានឈ្មោះថា Fasting Mimicking Diet (FMD) (របបតមអាហារក្លែងក្លាយ) ។

Peter Bowes អ្នកដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា វាមិនមែនជារបបអាហារសាមញ្ញនោះទេ។ វាដូចទៅនឹង “ការវិនិយោគសម្រាប់អនាគត”។ ការហូបអាហារតិចជាងធម្មតា ក្នុងរយៈពេល ៥ថ្ងៃ រៀងរាល់ខែ គឺនាំឱ្យអ្នកមានអាយុ កាន់តែវែង។
រូបមន្តនៃ “របបតមអាហារក្លែងក្លាយ” គឺសាមញ្ញ ៖ រៀងរាល់ខែ អ្នកត្រូវតែចំណាយពេល ៥ថ្ងៃ ដើម្បីហូបអាហារតិចជាងធម្មតា។ គោលបំណងចុងក្រោយនោះគឺដើម្បីកាត់បន្ថយចំនួនកាឡូរីដែលនឹងបញ្ចូលទៅក្នុងរាងកាយ។
ការតមអាហារត្រូវបានធ្វើជាពីរជំហាន ៖ ថ្ងៃដំបូង អ្នកនឹងត្រូវអនុញ្ញាតឱ្យហូបត្រឹមតែ ១.០៩០កាឡូរី។ ក្នុងនោះ គេយកកាឡូរី ១០% ពីប្រូតេអ៊ីន, ៥៦% ពីខ្លាញ់ និង ៣៤% ពីកាបូហាយប្រេត។
ចាប់ពីថ្ងៃទីពីរឡើងទៅ អ្នកនឹងត្រូវទទួលទានអាហារត្រឹមតែ ៧២៥កាឡូរី។ក្នុងនោះ កាឡូរី ៩% បានមកពីប្រូតេអ៊ិន, ៤៤% បានមកពីខ្លាញ់ និង ៤៧% បានមកពីកាបូហាយត្រេត (កាបូហាយត្រេត មានប្រភពពីបន្លែ)។
ស្ដាប់ទៅដូចជាងាយស្រួលខ្លាំងណាស់ ប៉ុន្តែ Bowes ឱ្យដឹងថា ការអនុវត្តរយៈពេល ៥ថ្ងៃនេះ គឺពិតជាមានការលំបាក សម្រាប់មនុស្សភាគច្រើន។ មនុស្សមួយចំនួនដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវ ត្រូវទ្រាំនឹងស្ថានភាពបាត់បង់ជាតិទឹក និងអាការឈឺក្បាល ហើយពួកគេមានអារម្មណ៍ថា អស់កម្លាំង ទន់ដៃទន់ជើង ស្មារតីចុះខ្សោយ។
ប៉ុន្តែ បន្ទាប់ពីបានឆ្លងកាត់ការតមអាហារ ៥ថ្ងៃ អ្នកអាចវិលត្រឡប់មកហូបអាហារតាមធម្មតា។
សាស្ដ្រាចារ្យ Valter Longo មកពីសកលវិទ្យាល័យ California ខាងត្បូង នៃសហរដ្ឋអាមេរិក បានធ្វើការសិក្សាស្រាវជ្រាវមួយដែលមានរយៈពេល ៣ខែ ទៅលើមនុស្សដែលបានធ្វើការ “តមអាហារក្លែងក្លាយ”។ លទ្ធផលបានបង្ហាញថា ពួកគេបានឆ្លងកាត់នូវដំណាក់កាលដែលអ័រម៉ូនរីកចម្រើនមួយប្រភេទត្រូវធ្លាក់ចុះ បណ្ដាលឱ្យអ៊ីនសួលីនធ្វើការល្អជាងមុន ជាកត្តាមួយជួយឱ្យរាងកាយគ្រប់គ្រងជាតិស្ករបានល្អជាងធម្មតា។
ផលប្រយោជន៍ផ្នែកសុខភាពនេះត្រូវបានរក្សារហូតដល់ចប់ការសិក្សាស្រាវជ្រាវ ហើយអ្នកដែលបានចូលរួមក៏បានសម្រកទម្ងន់។ ដូច្នេះសាស្ដ្រាចារ្យ Longo រួមនឹងក្រុមការងារជឿថា អ្នករាល់គ្នាទទួលបានផលប្រយោជន៍ពី “របបតមអាហារក្លែងក្លាយ” ពី ៣ ទៅ ៤លើក ក្នុងមួយឆ្នាំ។
ទោះជាយ៉ាងនេះក្ដី ដើម្បីបង្កើតជារបបអាហារដ៏ត្រឹមត្រូវដើម្បីជួយពន្យាអាយុរបស់មនុស្ស ក្រុមអ្នកវិទ្យាសាស្ដ្រ ត្រូវការការសិក្សាស្រាវជ្រាវ និងការពិសោធឱ្យបានល្អិនល្អន់ជាងនេះ។ សង្ឃឹមថា ថ្ងៃអនគត អ្នកវិទ្យាសាស្ដ្រនឹងរកឃើញរបបអាហារមួយ ជួយឱ្យសុខភាពល្អ និងពន្យាបាននូវការវិវឌ្ឍទៅរកភាពចាស់របស់មនុស្ស។
ប្រែសម្រួល ៖ បុត្រា