បុរសម្នាក់នៅប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនព្រោះតែបានលួចយកកាបូបលុយរបស់ប្រធានក្រុមហ៊ុនដែលបុរសនេះមកសម្ភាសសុំការងារធ្វើ។
Shogo Takega អាយុ ២៤ឆ្នាំ រស់នៅក្នុងក្រុង Yokohama ប្រទេសជប៉ុន ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ពីបានទទួលស្គាល់ថា បានលួចយកកាបូបលុយ ក្នុងពេលសម្ភាសសុំការងារធ្វើ។

Shogo Takega ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ។ ប្រាក់ដែលគេរកឃើញក្នុងកាបូបនេះ មានទឹកប្រាក់ចំនួន ៥០.០០០យ៉េន (ប្រហែល ៤៥០ដុល្លារអាមេរិក)។
មុននោះ Shogo Takega បានដាក់ពាក្យសុំការងារធ្វើនៅក្នុងក្រុមហ៊ុនថែទាំជណ្ដើរយន្តមួយនៅ Yokohama ហើយក៏ត្រូវបានខាងក្រុមហ៊ុនហៅមកសម្ភាស។ កិច្ចសម្ភាសនេះត្រូវបានធ្វើឡើងដោយប្រធានក្រុមហ៊ុនផ្ទាល់។ ក្នុងពេលកំពុងសម្ភាស ប្រធានក្រុមហ៊ុនបានដើរចេញពីកន្លែងសម្ភាសក្នុងរយៈពេលខ្លី ទុកចោលកាបូបធំមួយដែលនៅក្នុងនោះមានកាបូបលុយផងដែរ។
បន្ទាប់ពីបានសម្ភាស ប្រធានក្រុមហ៊ុននេះក៏បានដឹងថា កាបូបលុយរបស់ខ្លួនបានបាត់ ហើយភ្លាមនោះក៏បានទូរស័ព្ទហៅនគរបាល។ ជនសង្ស័យត្រូវបានគេជឿថា ជា Shogo Takega ជាមនុស្សតែម្នាក់គត់ដែលអង្គុយម្នាក់ឯងជាមួយនឹងកាបូបលុយ ពេលប្រធានក្រុមហ៊ុនបានចាកចេញ។
នគរបាលក្រោយមក បានចុះទៅដល់ផ្ទះរបស់ Shogo Takega ដោយយោងទៅលើឯកសារសុំការងារដែលជននេះបានដាក់ពាក្យ។ បន្ទាប់ពីត្រូវបាននគរបាលសួរនាំ Shogo Takega ក៏បានសារភាពថា ខ្លួនពិតជាបានលួចយកកាបូបលុយនោះពិតមែន។ Shogo Takega ឱ្យដឹងថា មូលហេតុដែលខ្លួនលួចយកកាបូបលុយនោះ គឺមកពីពេលនេះ ខ្លួនកំពុងជួបបញ្ហាសេដ្ឋកិច្ច ហើយត្រូវការប្រាក់ដើម្បីរស់៕
ប្រែសម្រួល ៖ តារាប្រភព ៖ japantimes