ឆេះ និងផ្ទុះហាក់ដូចជាពាក្យដែលពេញនិយមមួយនៅក្នុងវិស័យបច្ចេកវិទ្យានាពេលថ្មីៗនេះ។ Galaxy Note7 គឺជាស្មាតហ្វូន Android ដែលធ្លាប់បានគេរំពឹងរង់ចាំបំផុតក្នុងឆ្នាំ បែរជាត្រូវប្រមូលត្រឡប់មកវិញ ដោយសារតែបញ្ហាថ្មដែលនាំឱ្យផ្ទុះឆេះ។

/

មិនយូរប៉ុន្មានបន្ទាប់ពីបរាជ័យរបស់ Galaxy Note7 ស្មាតហ្វូន iPhone 7 ក៏ចាប់ផ្ដើមបង្ហាញអំពីបញ្ហាដូចគ្នានេះ។ ករណីផ្ទុះឆេះមិនដឹងពីមូលហេតុច្បាស់លាស់នៅលើ iPhone ថ្មីបំផុតរបស់ Apple ត្រូវបានគេរាយការណ៍ក្នុងពេលថ្មីៗកន្លងទៅនេះ។

/

ថ្មីៗនេះ Mat Jones ម្ចាស់ iPhone 7 ម្នាក់បានបើករថយន្ដទៅកាន់ឆ្នេរសមុទ្រដើម្បីហែលទឹកលេង។ Mat Jones បានដាក់ iPhone 7 ដែលទើបនឹងទិញ ទៅលើខោអាវនៅក្នុងរថយន្ដ។ សំណាងមិនល្អ ស្មាតហ្វូននេះ ក្រោយមកបានឡើងកំដៅខ្លាំង និងបានឆេះរាលដាលទៅលើខោអាវ រួមនឹងរបស់របរក្នុងរថយន្ដ។

/

Mat Jones បានអះអាងថា មុននេះ iPhone 7 របស់ខ្លួន មិនដែលប៉ះទង្គិចអ្វីនោះទេ ហើយគាត់បានប្រើឆ្នាំងសាករបស់ Apple ។

ចំណែក Apple វិញ បានឱ្យដឹងថា ខ្លួនបានទទួលរបាយការណ៍នេះ នឹងកំពុងតែធ្វើការស៊ើបអង្កេត។ ក្រុមហ៊ុននេះ បានបដិសេធ មិនបញ្ចេញមតិបន្ថែមអំពីហេតុការណ៍នេះ។

នេះគឺជាករណីឆេះលើកទីពីររបស់ iPhone 7 ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ។ ករណីទីមួយត្រូវបានគេដឹងថា កើតឡើងដោយសារស្មាតហ្វូននេះមានការប៉ះទង្គិចខ្លាំង មុននឹងវាមានបញ្ហាឆេះ។ ដូច្នេះហើយ ម្ចាស់ iPhone 7 ជាច្រើន ចង់ដឹងថា តើការឆេះលើកនេះ វាបណ្ដាមកពីកាប៉ះទង្គិច ឬយ៉ាងណា?

ប្រែសម្រួល ៖ តារាប្រភព ៖ PhoneArena