ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានសឹង្ហបុរី singaporeseen ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា អ្នកវិទ្យាសាស្រ្តរុស្ស៊ី បានរកឃើញនូវសាកសពសត្វដំរីដ៏ធំមហិមាមានអាយុកាល រស់នៅតាំងពី ១០,០០០ ឆ្នាំមុន តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា សាកសពមួយនេះ នៅតែមានឈាមហូរដដែល។

លើសពីនេះ បើយោងតាមអត្ថបទផ្សាយរបស់ Laughing Squid ក៏បានអះអាងបន្ថែមអោយដឹងថា សាកសពសត្វដំរីញី ដ៏ធំសម្បើម និងមានអាយុកាលរស់នៅតាំងពី ១ ម៉ឺនឆ្នាំមួយនេះ ត្រូវបានរកឃើញនៅលើកោះ New Siberian ស្ថិតនៅក្នុងប្រទេស Siberian។

លើសពីនេះ អ្នកវិទ្យសាស្រ្តរុស្ស៊ី ដែលមានដៃគូសហការមកពីកូរ៉េខាងត្បូង Sooam Biot-ech Research Foundation បានសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងយកឈាមទាំងនេះ ទៅក្លូន (clone) អោយដូចទៅនឹងដំរី mammoth ដែលធ្លាប់តែមានកាលពីអតីតកាល។

ឈាមដែលបានយកចេញពីសាកសពដំរីញី ដ៏ធំមហិមាមួយនេះ គឺស្ថិតនៅក្នុងសភាពរាវនៅឡើយ ហើយអ្នកវិទ្យាសាស្រ្ត បានសន្មត់ថា វាគឺជាការរកឃើញមួយ ដែលបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលឈាមប្រភេទនេះ អាចប្រឆាំងបានទៅនឹងការបង្កកនៃភាពត្រជាក់របស់ធម្មជាតិ៕
ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen