ព័ត៌មានអន្តរជាតិ ៖ ដោយឈរសំកាំងខ្លួន នៅក្នុងខេត្ត Sichuan ភាគនិរតី ប្រទេសចិនNew Century Global Center ត្រូវបានអាជ្ញាធរជាតិចិន បញ្ជាក់អោយដឹងថា ជាសំណង់អាគារមហិមា ដែលមានទំហំធំជាងគេលើលោក នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយមុននេះ។

ជាការពិត កាលដែលទទួលបានព័ត៌មានថា វាជាសំណង់អាគារធំជាងគេនោះ លោកអ្នកប្រាកដជាមានអារម្មណ៍ថា វាពិតជាខ្ពស់ខ្លាំងណាស់ហើយមើលទៅ ។ ជាក់ស្តែងសំណង់អាគារធំជាងគេលើលោកមួយនេះ មិនសូវជាបានកំពស់នោះទេ ពោលគឺវាមានទំហំធំមហិមាទៅវិញ។

តួយ៉ាង New Century Global Center មានប្រវែងបណ្តោយដល់ទៅ ៥០០ ម៉ែត្រ ទទឹងដល់ទៅ ៤០០ ម៉ែត្រ និងមានកំពស់ដល់ទៅ ១០០ ម៉ែត្រ ស្របពេលដែលវាមានទំហំធំជាង Sydney Opera Houses ដល់ទៅ ២០ ដងឯណោះ។

New Century Global Center ត្រូវបានបើកអោយដំណើរការជាផ្លូវការ កាលពីថ្ងៃទី ២៨ចុងខែ មិថុនា កន្លងទៅនេះ ខណៈពេលដែលវាជាសំណង់អាគារ ដែលប្រមូលផ្តុំទៅដោយ ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ រោងភាពយន្ត ផ្សារទំនើប រួមជាមួយនឹងសួនទឹកកំសាន្ត Paradise Island ដែលជាកន្លែងទាក់ទាញជាងគេផងដែរនោះ៕




ដោយ ៖ រិទ្ធីប្រភព ៖ CNN