ភ្នំពេញ៖ បន្ទាប់ពីដកខ្លួនចេញពី ទូរទស្សន៍ហង្សមាស អ្នកផលិតកម្មវិធី និងជាអ្នកដឹកនាំ សម្ដែងដ៏ល្បី លោក ហ្វៃ សំអាង បានរើបង្វេចចូល មកកាន់ទូរទស្សន៍ អប្សារា ដែលកាលនោះ លោកមិនបានបញ្ជាក់ ពីមូលហេតុ នៃការចាកចេញពី ទ្រនំចាស់នោះទេ នាំឲ្យជាប់មន្ទិលសង្ស័យជាច្រើន នៃដំណើរការចាកចេញ នាពេលកន្លងមក។

បន្ទាប់ពីចូលមកកាន់ ទូរទស្សន៍ អប្សរា ប៉ុស្ដិ៍លេខ១១ ភ្លាម លោក ហ្វៃ សំអាង ក៏បានបង្កើតកម្មវិធីចំនួនបី គឺ អប្សារា Award, ផ្កាយរះក្នុងសួន និងកម្មវិធី ប្រស្នាតារា ដែលសុទ្ធសឹង ជាកម្មវិធីល្អៗ តែការតុបតែងឆាក និងភ្លើងពណ៍ហាក់ដើរ មិនទាន់គេទេ ពោលគឺមើលទៅហាក់ មិនទាន់សម័យទាល់តែសោះ ។ ចំណែកជំនួយការ របស់លោកវិញ ធ្វើការដណ្ដើមមុខមាត់គ្នា ដែលពេលខ្លះធ្វើ ឲ្យមានការខកខាន ដល់ដំណើរការ កម្មវិធីទៀតផង ។

បើគេចាំមិនខុសទេកម្មវិធី ផ្កាយរះក្នុងសួន របស់លោក ហ្វៃ សំអាង ថតថ្ងៃដំបូងបានធ្វើឲ្យ តារាចម្រៀង សុន ស្រីពេជ្រ ខាតលុយជិត មួយពាន់ដុល្លារ ដោយសារតែ ក្រុមការងារលោក មានភាពយឺតយ៉ាវ ក្នុងការរៀបចំថត បានធ្វើឲ្យតារាចម្រៀងស្រី រូបនេះទៅយឺតពេលក្នុងកម្មវិធីផ្សេងមួយទៀត រួចម្ចាស់កម្មវិធី ដែលជួលនាង ខលមកប្រាប់នាង មិនបាច់ទៅទេ។ រួចស្ដីឲ្យនាង យកម៉ាឈ្នះដៃ ថា នាងជាតារាចម្រៀងស្អី មិនគោរពពេលវេលាសោះ ដែលតាមពិតមកពីក្រុមកាងារ លោក ហ្វៃ សំអាង សោះ ។

ចំណែកឯកម្មវិធីអប្សារា Award វិញ តារាសម្ដែងដែលចូលរួម ជាមួយកម្មវិធី គ្រវីក្បាលគ្រប់ៗគ្នា ដោយសារតែពួកគេ ស្ទើរតែក្រឡាប់ចាក់ខួរក្បាល ជាមួយកម្មវិធីលោក ព្រោះមានភាពបត់បែនភ្លាមៗពេក ។ តារាសម្ដែងស្រីម្នាក់ ដែលសុំមិនបញ្ចេញ ឈ្មោះបាននិយាយថា កុំតែយល់មុខលោក ហ្វៃ សំអាង កុំអីមិនបានចូលលេង នាំឈឺក្បាលទេ...! កម្មវិធីអីលេងចុះ លេងឡើង មិនដឹងចប់ថ្ងៃណា...! ។ តារាសម្ដែងស្រីមួយទៀត បាននិយាយថា ហួសចិត្តណាស់ កម្មវិធីស្អីទេ ចុះពីលើឆាកមិនទាន់ ស្រាប់តែស្រាតខោអាវ យកទៅតែម្ដង ព្រោះខ្វះខោអាវឲ្យតួដទៃ ខ្ញុំជាមនុស្សស្រី ខ្ញុំក៏ចេះខ្មាស់អៀនដែរ ហើយមិនដឹងទៅ និយាយប្រាប់គាត់ថា យ៉ាងម៉េចទេ មានតែតាមដំណើរទៅ..! ។

តារាសម្ដែងម្នាក់ផ្សេងទៀត បាននិយាយថា កម្មវិធីគាត់រៀបចំទាំងអស់ តែមិនដែលសួរតួថា ចេះលេងអត់ទេ ធ្វើអីតាមតែចិត្ត គាត់នឹកឃើញ វាល្អសម្រាប់កម្មវិធី តែសម្រាប់អ្នកលេងវិញ វាមិនសប្បាយ ជាមួយគាត់ទេ ។ តារាសម្ដែងទាំងនេះ ថ្វីត្បិតតែអន់ចិត្ត នឹងកម្មវិធី តែមិនហ៊ានក្អក ជាមួយលោក ហ្វៃ សំអាង ទេ បានតែលួចនិយាយ ក្រោយខ្នងប៉ុណ្ណោះ ។ ចំណែកឯ លោក ហ្វៃ សំអាង វិញ បែរជាខ្លាចតារាចម្រៀង ពីផលិតកម្ម ហង្សមាស ទៅវិញ ដែលមិនមាន អ្នកណាប៉ះពាល់បានទេ ។ លោកបានដេញ ជំនួយការផ្ទាល់ម្នាក់ ដោយសារតែ សរសេរព័ត៌មាន តារាចម្រៀងផលិតកម្ម ហង្សមាស ម្នាក់ មកច្រៀងយឺតប៉ុណ្ណោះ ។ ព្រមទាំងហាមប្រាម អ្នកកាសែត លែងឲ្យចូលថត ក្នុងកម្មវិធីលោកទៀតផង ។

ទាក់ទិននឹងការរិះគន់ពីក្រោយខ្នង ពីសំណាក់ តារាសម្ដែងក្នុងកម្មវិធី ក៏ដូចជាទស្សនិកជន ដែលតែងតែ តាមដានទស្សនាកម្មវិធី អប្សារា Award នៅពេលនេះគេហទំព័រ LookingTODAY នៅមិនទាន់ ស្វែងរកការបំភ្លឺ ឬការបកស្រាយណាមួយ បាននៅឡើយទេ ពីលោក ហ្វៃ សំអាង ដែលជាអ្នកដឹងនាំ និងគ្រប់គ្រងកម្មវិធីទាំងមូល។ LookingTODAY នឹងរង់ចាំការចេញ មុខបកស្រាយ ពីសំណាក់លោក ហ្វៃ សំអាង ដោយក្ដីរីករាយ នៅពេលក្រោយ ដើម្បីឲ្យតារាសម្ដែង ក៏ដូចជាទស្ស-និកជន តាមដានទស្សនាកម្មវិធីនេះ អស់មន្ទិលសង្ស័យ៕

width=470

width=470

width=470

 

ដោយ ៖​ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល