អ្នកដំណើរជនជាតិ Nigeria ម្នាក់ត្រូវបានចាប់ខ្លួន ព្រោះតែបានបោះកូនទើបកើតរបស់ខ្លួន ចោលក្នុងធុងសំរាមក្នុងបន្ទប់ទឹកនៅព្រលានយន្តហោះ Vienna ប្រទេសអូទ្រីស។

/

ទារកទើបកើតត្រូវបាន​បោះចោលក្នុងធុងសំរាម នៅក្នុងបន្ទប់ទឹក​ក្នុងព្រលានយន្តហោះ អន្តរជាតិ Vienna ប្រទេសអូទ្រីស។ 

ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី ១០វិច្ឆិកា នៅពេលបុគ្គលិកអនាម័យបានប្រទះឃើញទារកម្នាក់នៅក្នុងស្បោង ក្នុងបន្ទប់ទឹកនៅព្រលានយន្តហោះអន្តរជាតិ Vienna ប្រទេសអូទ្រីស។ ភ្លាមនោះ ទារកនេះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ប៉ុន្តែ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នេះបើតាមទំព័រ Express។

អ្នកម្ដាយរបស់ទារកខាងលើ ដែលមានអាយុ ២៧ឆ្នាំ មកពី Nigeria ក៏ត្រូវបានចាប់ខ្លួន។ នាងបានសារភាពប្រាប់នគរបាលថា ខ្លួនកំពុងដើរទេសចរណ៍ពី Belarus ទៅកាន់ Washington DC អាមេរិក ហើយបានឆ្លងទន្លេក្នុងពេលកំពុងរង់ចាំជើងហោះហើរ។ ដោយសារតែមិនចង់រំលងចោលជើងយន្តហោះ និងយល់ថា កូនទើបកើតរបស់ខ្លួនបានស្លាប់ ទើបនាងបានបោះកូនចោលក្នុងធុងសំរាម។ ប៉ុន្តែ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ទារកនេះបានស្លាប់ដោយសារថប់ដណ្ដើម។

ខាងនគរបាលបានស្នើឱ្យធ្វើកោសល្យវិច័យទៅលើសាកសពដើម្បីឱ្យដឹងប្រាកដអំពីមូលហេតុនៃការស្លាប់របស់ទារកនេះ។ ចៅក្រម Friedrich Kohl បានឱ្យដឹងថា នឹងធ្វើការស៊ើបអង្កេតលើអ្នកម្ដាយរូបនេះ ក្រោមបទចោទប្រកាន់ថាបានសម្លាប់កូន។

/

បុគ្គលិកអនាម័យ​បាន​ប្រទះឃើញ​ទារក​ក្នុង​ធុងសំរាម

យោងតាមច្បាប់ព្រហ្មទណ្ឌអូទ្រីស អំពើល្មើសច្បាប់នេះអាចនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Express