ភ័ស្ដុតាងមួយបានបង្ហាញថា មិនត្រឹមតែមនុស្សនោះទេ ប៉ុន្តែ សូម្បីតែត្រីដូលហ្វីន ក៏មិនចូលចិត្តការប្រើប្រាស់ iPad ដើម្បីថតវីដេអូ ឬថតរូប។ចាប់តាំងពីថេប្លែត iPad បានបង្ហាញខ្លួនក្នុងទីផ្សារ ការថតរូបដោយឧបករណ៍ដែលមានទំហំធំនេះ បានធ្វើឱ្យមានការជជែកវែកញែកជាច្រើន។ មនុស្សជាច្រើន មានអារម្មណ៍ថាទើសភ្នែក នៅពេលមាននរណាម្នាក់ លើក iPad ឡើងថតរូប ឬវីដេអូ ព្រោះវាហាក់ដូចបិទបាំងទិដ្ឋភាពមួយផ្នែករបស់អ្នកនៅជុំវិញ។/ករណីមួយដែលទើបតែបានកើតឡើងនៅក្នុងសួនទឹក ក៏ជាភ័ស្ដុតាងមួយបង្ហាញថា មិនត្រឹមតែមនុស្សនោះទេ សូម្បីតែត្រីដូលហ្វីន ក៏មិនចូលចិត្តការប្រើប្រាស់ iPad ដើម្បីថតរូប ឬថតវីដេអូ។ជាក់ស្ដែង កាលពីថ្ងៃទី ៩សីហា កន្លងទៅ នៅក្នុងសួនទឹក SeaWorld (Orlando អាមេរិក) ស្ដ្រីម្នាក់បានប្រើ iPad ដើម្បីថតរូប និងថតវីដេអូត្រីដូលហ្វីន ដែលកំពុងប្រលែងគ្នាលេង។ ត្រីដូលហ្វីនមួយក្បាលបានចាប់អារម្មណ៍ទៅលើវត្តមានរបស់ iPad ហើយភ្លាមនោះ វាក៏លោតពីផ្ទៃទឹក ប្រើមាត់ឆក់យក iPad ពីដៃស្ដ្រីម្នាក់នោះ។បើទោះជាបានព្យាយាមរើស iPad ពីផ្ទៃទឹក ប៉ុន្តែ គេជឿថា ថេប្លែតនេះ ប្រហែលជាត្រូវចូលទឹក និងលែងប្រើប្រាស់បាន។ ប្រការដែលគួរចាប់អារម្មណ៍ គឺថា ស្ដ្រីម្នាក់នេះ មាន iPhone ប៉ុន្តែ មិនដឹងហេតុអ្វីបានជាប្រើ iPad ដើម្បីថតរូបត្រីដូលហ្វីនទៅវិញ។នេះប្រហែលជាត្រីដូលហ្វីនមិនចូលចិត្តអ្នកណាប្រើ iPad មកថតរូប ឬមួយថា ត្រីដូលហ្វីនចង់បាន iPad ដើម្បីយកធ្វើជាកាដូជូន “ស្រីស្នេហ៍” របស់ខ្លួន ក៏ថាបាន។

ប្រែសម្រួល ៖ តារា