បញ្ហាមួយដែលបានក្លាយជាបញ្ហាក្ដៅគគុកគ្រប់ស្រទាប់មនុស្សដែលកំពុងតែជជែកវែកញ៉ែកគ្នានោះគឺបញ្ហាដោះដូរដីភូមិរវាងកម្ពុជា និងវៀតណាម។ លោកទេសរដ្ឋមន្រ្តី វ៉ា គឺមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនបានបានប្រាប់កាលពីថ្ងៃទី ១៦ នេះថាការដោះដូរភូមិនេះ មិនទាន់អនុវត្តនៅឡើយទេ តែនឹងត្រូវអនុវត្តដោយចាប់ផ្ដើមពី ភូមិសម្តេចហេង សំរិន គឺភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ៩ ស្រុកពញាក្រែក ខេត្តកំពង់ចាម។
លោកទេសរដ្ឋមន្រ្តី វ៉ា គឺមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន
ជុំវិញបញ្ហានេះគេសង្កេតឃើញមានប្រតិកម្មពីសំណាក់ប្រជាជនទួទៅទាំងនិស្សិត ទាំងអ្នកប្រកបរបរទទួលទានជាច្រើនក៏ដូចជាមានការពិភាក្សាគ្នាក្នុងបណ្ដាញសង្គម Facebook ផងដែរដោយបាន លើកឡើងថាវាមិនគួរអោយមានការដោះដូរភូមិនេះកើតឡើងនោះទេ។និស្សិតសាលវិទ្យាល័យភូមិន្ននីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចមួយរូបដែលបានសុំប្រើសិទ្ធិក្នុងការមិនបញ្ចេញឈ្មោះបានប្រាប់ថា ការពិតទៅជុំវិញបញ្ហានេះលោកទេសរដ្ឋមន្រ្តី វ៉ា គឺមហុង បានពន្យលយ៉ាងច្បាស់លាស់ដោយលើកឡើងថាដីភូមិរបស់ខ្មែរឧទាហរណ៍ដូចជា ភូមិសម្ដេច ហេងសំរិន នេះជាដើមគឺឋិតនៅលើទឹកដីវៀតណាម ហើយដើម្បីការពារមិនអោយបាត់បងភូមិដែលខ្មែររស់នៅគឺលោកបានបញ្ជាក់ថាយើងត្រូវកាត់ដីភូមិអោយគេវិញ ហើយនឹងមានភូមិជាច្រើននៅតាមខែត្រមួយចំនួនទៀតដូចជា រតនគិរី. មណ្ឌលគិរី. ស្វាយរៀង. កំពង់ចាម. ព្រៃវែង. កណ្តាល . តាកែវ. កំពត និងក្រចេះ ជាដើមដែលនឹងត្រូវធ្វើការដោះដូរបែបនេះដូចគ្នា។ បើយើងមើលទៅតាមបរិបទនៃសាច់រឿងនេះគឺថាការដោះដូរនេះគឺដូចជាងាយស្រួលពេលហើយ ដូចជាដោះដូរសត្វចិញ្ចឹមរវាងមនុស្ស ២ នាក់ទាស់ត្រង់ថានេះគឺប្រទេស ២ ហើយកម្មវត្ថុនៃការដោះដូរនោះគឺទឹកដី! បើនិយាយដល់ការពិតយ៉ាងណានោះគ្មានរាស្រ្តណាម្នាក់បានដឹងច្បាស់នោះទេ ព្រោះវាជាការងាររបស់រដ្ឋហើយបើសំអាងផែនទីគីគួរណាតែទៅសុំផែនទីពីបារាំងផ្ទាល់ទើបអស់មន្ទិល បើនិយាយទៅសម្រាប់រូបខ្ញុំគឺមិនគាំទ្រការដោះដូរភូមិនេះទេ ព្រោះបើយើងធ្វើបែបនេះគឺវាប្រៀបបានដូចជារឿងលេចសើចមួយប៉ុណ្ណោះ។ គួរណាតែប្រើផែនទីបារាំងផ្ដល់អោយដើម្បីយកមកវាស់ថាពិតជាមានការលូយចូលទៅក្នុងទឹកដីវៀតណាម ឬអត់ទើបយុត្តិធម៌។ ហើយចំពោះរឿងនេះប្រសិនបើមានបាតុកម្មជំទាស់នោះគឺប្រហែលជាមិនទាន់មាននរណាអាចស្មានបាននោះទេ ព្រោះយើងធ្លាប់ឃើញការបង្រ្កាបក្រុមបាតុកម្មកាលពីមុនៗរួចមកហើយ ប្រជាពលរដ្ឋអាចនឹងមានបញ្ហាច្រើនជាដំណោះស្រាយប្រសិនបើមានការធ្វើបាតុកម្ម។នេះគ្រាន់ជាសម្ដីរបស់យុវនិស្សិតម្នាក់លើបញ្ហានេះ Camnews សុំមិនបញ្ចេញយោបលនោះទេ។
ដោយ៖ នីតា