ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៥០ នាក់ បានរងរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរពីរគ្រឿង បានបើកបុកប្រជល់សាកកម្លាំងគ្នា នៅឯរដ្ឋ Connecticut សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា មិនមានសោកនាដកម្ម មនុស្សបាត់បង់ជីវិតអ្វីនោះទេ គ្រាន់តែមានអ្នករងរបួស តែប៉ុណ្ណោះ បន្ទាប់ពីរថភ្លើងមួយខ្សែ បានបើកធ្លាក់ផ្លូវ និងបុកជាមួយនឹងរថភ្លើងដឹកអ្នកដំណើរមួយផ្សេងទៀតតែម្តង។

ដោយឡែក បើយោងតាមសម្តីមន្រ្តីប៉ូលីស ផ្លូវការបន្ថែមថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងធ្វើដំណើរឆ្ពោះទៅ ទីក្រុងញ៉ូវយ៉ក ដោយចាកចេញពីរដ្ឋ New Haven លុះមកដល់កន្លែងកើតហេតុ រថភ្លើងមួយនេះ ក៏បានបើកធ្លាក់ផ្លូវ និង បានបុកជាមួយនឹងរថភ្លើងមួយផ្សេងទៀត នៅក្នុងរដ្ឋ Connecticut នេះតែម្តង។

យ៉ាងណាមិញ បើយោងតាមអ្នកនាំពាក្យ របស់ក្រុមមន្រ្តីប៉ូលីស លោក Lt. James Perezបានអះអាងថា ក្នុងករណីគ្រោះថ្នាក់លើកនេះ ពួកយើងមិនទាន់ជាក់ច្បាស់នោះទេ ថាតើវាបណ្តាលមកពីបញ្ហាបច្ចេកទេស ឬក៏ជាគ្រោះថ្នាក់ចៃដន្យ ឬក៏ជាការគ្រោងទុកមុន នោះទេ ស្របពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ