គ្រោះថ្នាក់ ៖ ស្រ្តីជាភរិយា ដែលបានការប្តីដល់ទៅ ៤ ដងរួចហើយនោះ នាពេលនេះត្រូវបានរកអោយឃើញថា បានចាក់សម្លាប់ប្តីទី ៤ របស់ខ្លួនដោយកន្រ្តៃ ខណៈពេលដែលប្តីរូបនេះ បានបដិសេធ ទៅនឹងការស្នើសុំពីភរិយា ក្នុងការរៀបចំរបៀបរៀបរយ នៅក្នុងផ្ទះ នេះបើតាមការអោយដឹងពីរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍មួយនេះបានកើតឡើងនៅឯភាគខាងកើតឆៀងខាងត្បូងប្រទេសអង់គ្លេស ស្របពេលដែលភរិយាវ័យ ៤៩ ឆ្នាំ មានឈ្មោះថា Sandra Clinch បានយកកន្រ្តៃ ចាក់ទៅលើស្វាមីរបស់ខ្លួន ដែលមានឈ្មោះថា Alan Clinch បន្ទាប់ពីគាត់បានស្រែកគំហកដាក់ថាអោយបិទមាត់ នៅពេលដែលនាងស្នើសុំអោយគាត់ជួយសម្អាតផ្ទះ។
លុះក្រោយមក បន្ទាប់ពីបានឃើញស្វាមីរបស់ខ្លួន ដួលទៅនឹងដី ស្របពេលដែលកំហឹងក្នុងខ្លួនត្រូវបានរំសាយ ភរិយាចិត្តសឿងរូបនេះ ក៏បានទូរស័ព្ទទៅក្រុមភា្នក់ងារសង្គ្រោះបន្ទាន់ ៩៩៩ ដើម្បីធ្វើការជួយសង្រ្គោះ តែជាអកុសល ស្វាមីរូបនោះ ក្រោយមកត្រូវបានអះអាងអោយដឹងថាបានស្លាប់បាត់បង់ជីវិតទៅហើយ បន្ទាប់ពីកន្រ្តៃមុខស្រួច លេចចូលទៅក្នុងដើមទ្រូង ជម្រៅប្រមាណជាង 12cm រីឯស្រ្តីជាភរិយាចិត្តសឿងរូបនោះវិញ ក៏ត្រូវបានភ្នាក់ងារមានសមត្តកិច្ចធ្វើការចាប់ឃាត់ខ្លួន ដោយរង់ចាំក្នុងការទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសីប្រភព ៖ Happens