ប្រការចម្លែកបានកើតឡើងនៅក្នុងគ្រួសារជនជាតិឥណ្ឌាមួយ នៅពេលពួកគេកើតមក មានម្រាមដៃដល់ទៅ១២ម្រាម និងម្រាមជើង១២ម្រាម។

នោះគឺគ្រួសារ Choudhary រស់នៅក្នុងភូមិមួយក្នុងរដ្ឋ Bihar ភាគខាងជើងប្រទេសឥណ្ឌា។ សមាជិកទាំង ២៥នាក់របស់គ្រួសារនេះ កើតមកសុទ្ធតែមានម្រាមដៃ និងម្រាមជើងសល់ចំនួន៤។

Krishna Choudhary អាយុ ៥០ឆ្នាំ បានឱ្យដឹងថា ឪពុក និងលោកតារបស់ខ្លួន សុទ្ធតែមានម្រាមដៃ និងម្រាមជើងចំនួន ២៤។ ជំនាន់របស់លោក និងកូនចៅ ក៏ជួបប្រទះនឹងប្រការចម្លែកនេះ។ បញ្ហានេះ បានបណ្ដាលឱ្យមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេទាំងអស់ ត្រូវពាក់ស្បែកជើងផ្ទាត់ ឬដើរជើងទទេ ព្រោះពិបាករកស្បែកជើងដែលសមស្រប។

ចំពោះ Krishna Choudhary ការដែលមានម្រាមសល់បែបនេះ មិនបង្កការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែ កូនៗរបស់គាត់ គឺមិនយល់ដូច្នេះ។ កូនស្រីរបស់គាត់ បានត្រូវបុរស៤នាក់បដិសេធ មិនព្រមរៀបការជាមួយ។

ខណៈដែលបណ្ដាសមាជិកក្នុងគ្រួសារ មានអារម្មណ៍ថា ត្រូវបណ្ដាសា បងស្រីថ្លៃរបស់ Krishna បែរជាចាត់ទុកថាជាសំណាង ព្រោះថា មិនមែនគ្រួសារណាក៏ជួបនឹងករណីបែបនេះ។ “នេះប្រាកដជាសារមួយរបស់ទេវតា”។

បណ្ឌិត Aayush Gupta សាស្ដ្រាចារ្យផ្នែករោគស្បែកនៅសកលវិទ្យាល័យវេជ្ជសាស្រ្ដនៅតំបន់ Pune បានឱ្យដឹងថា ករណីនេះនៅក្នុងវេជ្ជសាស្ដ្រគេហៅថាការលើសម្រាម។ នោះគឺជាការច្របូកច្របល់ផ្នែកហ្សែន បង្កឡើងដោយការរីកចម្រើនខុសប្រក្រតីរបស់ហ្សែន បណ្ដាលឱ្យលើសម្រាម។ បណ្ដាម្រាមដែលលើសនេះមិនធ្វើឱ្យឈឺចាប់ ឬប៉ះពាល់ដល់សុខភាព ប៉ុន្តែ វាតែងប៉ះពាល់ដល់ផ្លូវចិត្តរបស់ម្ចាស់ម្រាម។ ម្រាមសល់ទាំងនេះ អាចត្រូវបានបំបាត់ចោលដោយការវះកាត់ ប៉ុន្តែ ការវះកាត់បែបនេះ តែងមានតម្លៃខ្ពស់៕

/

/

/

/

/

/

/

/

/

/

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail