Apple នឹងហៅស្មាតហ្វូនដែលនឹងត្រូវបានបង្ហាញខ្លួនក្នុងខែកញ្ញានេះថា iPhone 6SE មិនមែន iPhone 7 នោះទេ។

រូបភាពមួយចំនួនដែលថតផ្នែកខាងក្រោយ និងជ្រុងខាងក្រោមរបស់ម៉ូដែលទូរស័ព្ទដែលត្រូវបានគេចាត់ទុកថាជាកំណែផ្សេងៗគ្នារបស់ iPhone 7 ត្រូវបានគេចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺរណែត។

កាលពីសប្ដាហ៍មុន នៅលើអ៊ីនធឺរណែត លេចចេញនូវរូបថតរបស់ iPhone ៣ម៉ូដែល ជំនាន់ថ្មី រួមមាន iPhone 7, iPhone 7 Plus និង iPhone 7 Pro ក្នុងនោះ ស្មាតហ្វូន iPhone 7 Pro មានកាមេរ៉ាភ្លោះ នៅពីក្រោយ។

ប៉ុន្តែ ភ្លាមៗបន្ទាប់នោះ Evan Blass (@evleaks) ដែលជាអ្នកជំនាញខាងបញ្ចេញព័ត៌មានបែកធ្លាយ បានបង្ហោះសារមួយនៅលើ Twitter ដោយអះអាងថា នឹងមាន iPhone តែពីរកំណែគត់ក្នុងឆ្នាំនេះ នៅថ្ងៃទី ១២កញ្ញាខាងមុខ។ iPhone ទាំងពីរម៉ូដែលនេះ មានឈ្មោះកូដថា Sonora និង Dos Palos។

នៅពេលអ្នកតាមដាន កំពុងតែមិនមានការប្រាកដប្រជាចំពោះព័ត៌មានខាងលើ ថ្មីៗនេះ ក៏មានរូបភាពជាច្រើនស្ដីអំពី iPhone 7 បីកំណែ បានបង្ហាញខ្លួននៅលើបណ្ដាញសង្គម Weibo ។ នេះគឺជាកំណែសាកល្បង ត្រូវបានបង្កើតឡើងដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្មាតហ្វូន អាចចាប់ផ្ដើមផលិតទាន់ពេលវេលា ដូចជាសម្បកការពារជាដើម នៅពេល Apple ឧទ្ទេសនាម iPhone ថ្មី។

នៅក្នុងរូបថតថ្មីនេះ iPhone 7 Pro ត្រូវបានថតមកជិត ដោយបង្ហាញកាមេរ៉ាភ្លោះយ៉ាងច្បាស់។ ស្មាតហ្វូននេះ ក៏លែងមានរន្ធដោតកាស 3,5 mm។

ខណៈនេះដែរ ក៏មានព័ត៌មានមួយនិយាយថា Apple នឹងហៅស្មាតហ្វូនដែលនឹងត្រូវបានបង្ហាញខ្លួនក្នុងខែកញ្ញានេះថា iPhone 6SE (កំណែថ្មីរបស់ iPhone 6s) ។ គោលបំណងរបស់ Apple គឺដើម្បីទុកឈ្មោះ iPhone 7 ដើម្បីហៅស្មាតហ្វូនដែលនឹងចេញលក់នៅឆ្នាំ ២០១៧ ដែលជាខួបទី ១០ ឆ្នាំរបស់ iPhone ដែលបានបង្ហាញខ្លួនក្នុងទីផ្សារ។

/

/

/

/

ប្រែសម្រួល ៖ បុត្រា