រូបភាពស្ដីអំពីពពកតម្រៀបគ្នាជាជួរ ត្រូវបានអ្នកដំណើរម្នាក់ថតបាន នៅលើអាកាសអូស្ដ្រាលី ទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកលេង Facebook។

/

រូបភាពស្ដីអំពីពពកតម្រៀបគ្នាជាជួរ ត្រូវបានអ្នកដំណើរម្នាក់ថតបាន ក្នុងជើងហោះហើរពី Perth ទៅកាន់ Adelaide ប្រទេសអូស្ដ្រាលី នេះបើតាមទំព័រ Australian ចុះផ្សាយកាលពីថ្ងៃទី ១០កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia ក្រោយមក បានបង្ហោះរូបភាពនេះ នៅលើ Facebook ហើយក៏បានទាក់ទាញអ្នកចូលមើលយ៉ាងច្រើន។

គណនី Facebook របស់ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia បានសរសេរថា “ហោះនៅលើពពក មិនធ្លាប់ស្អាតយ៉ាងដូច្នេះសោះ”។

យោងតាម Neil Bennet ធ្វើការនៅមជ្ឈមណ្ឌលឧតុនិយមរបស់អូស្ដ្រាលី នេះគឺជាពពករលក។ Neil Bennet បកស្រាយថា “ពពករលក កើតឡើងនៅពេលមានវត្ថុដូចជាភ្នំជាដើម រារាំងខ្យល់ ធ្វើឱ្យពពកមូរទៅលើ។ ក្រោយមក វាបម្លាស់ទីដូចទឹករលក ហើយឈប់នៅនឹង បង្កើតឱ្យមានគម្លាតរវាងពពក និងពពក”។

/

មនុស្សមួយចំនួនមិនបានយល់ស្របជាមួយនឹងការបកស្រាយខាងលើ។ ពួកគេថា ពពកនេះគឺជាគីមីដែលយន្តហោះបន្សល់ទុកក្នុងបរិយាកាស។ ប៉ុន្តែ លោក Bennet បានបដិសេធអំពីការយល់ឃើញនេះ ព្រោះថា យន្តហោះបម្លាស់ទីទទឹងពពកទាំងនេះ។ ក្រៅពីនេះ ត្រូវមានយន្តហោះច្រើន ហោះក្បែរគ្នា ទើបអាចបង្កើតបានពពកច្រើនបែបនេះ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail