ការទន្ទឹងរង់ចាំរបស់អ្នកនិយមប្រើប្រាស់ទូរសព្ទទំនើប iPhone របស់ក្រុមហ៊ុន Apple ជិតមកដល់ហើយ ដោយសារតែក្រុមហ៊ុននេះ នឹងប្រកាសចេញលក់ទូរសព្ទថ្មី ៣ ម៉ូដែល អំឡុងសន្និសីទកាសែតរបស់ខ្លួន នៅខែក្រោយ នេះបើតាមការឱ្យដឹងរបស់សារព័ត៌មាន Bloomberg។ មកទល់នឹងពេលនេះ ក្រុមហ៊ុន Apple ពុំទាន់ប្រកាសកាលបរិច្ឆេទជាក់លាក់ នៅពេលខ្លួនដាក់បង្ហាញទូរសព្ទម៉ូដែលថ្មីរបស់ខ្លួនជាសាធារណៈនោះទេ ប៉ុន្ដែជាធម្មតាក្រុមហ៊ុននេះ តែងតែប្រកាសពីកាលបរិច្ឆេទច្បាស់លាស់ឱ្យសាធារណៈជនដឹង នៅដើមខែកញ្ញា។

/

សារព័ត៌មាន Bloomberg បានឱ្យដឹងថា បើតាមការរាយការណ៍ ក្រុមហ៊ុននេះ គ្រោងនឹងដាក់ចេញលក់ទូរសព្ទថ្មី ៣ ម៉ូដែលលើទីផ្សារ បូករួមទាំងម៉ូដែល ដែលមានទំហំអេក្រង់ ៦.៥ អ៊ីញ ជាម៉ូដែល ដែលមានអេក្រង់ធំបំផុត ដែលក្រុមហ៊ុននេះពុំធ្លាប់ផលិតពីមុនមក លើស៊េរី iPhone។ ក្រុមហ៊ុននេះ ក៏នឹងចេញលក់ក្នុងទីផ្សារផងដែរនូវម៉ូដែល ដែលមានទំហំអេក្រង់ ៥.៨ អ៊ីញ ដែលជាទំហំប៉ុននឹង iPhone X នាពេលបច្ចុប្បន្ន ព្រមទាំងម៉ូដែលតម្លៃសមរម្យ ដែលមានទំហំអេក្រង់ ៦.១ អ៊ីញ។  ដំណឹងនេះ ត្រូវនឹងរបាយការណ៍របស់អ្នកវិភាគពីខែធ្នូឆ្នាំ ២០១៧ ដែលបាននិយាយថា ក្រុមហ៊ុន Apple នឹងដាក់លក់ទូរសព្ទថ្មី ៣ ម៉ូដែល នៅលើទីផ្សារ នៅឆ្នាំនេះ។

ទូរសព្ទថ្មី ៣ ម៉ូដែលនេះ ត្រូវបានគេនិយាយថា ចាក់សោដោយស្គែនមុខ(Face ID) ដែលអនុញ្ញាតឱ្យអ្នកបើកសោទូរសព្ទ ដោយសំឡឹងមុខរបស់អ្នកដាក់ទូរសព្ទ ជំនួសឱ្យការស្គែនក្រយ៉ៅដៃ។

យោងតាមរបាយការណ៍បានឱ្យដឹងថា  iPad Pro ស៊េរីថ្មី ដែលរួមមានម៉ូដែលអេក្រង់ ១១ អ៊ីញ និងម៉ូដែលអេក្រង់ ១២.៩ អ៊ីញ ដែលចាក់សោដោយស្គែនមុខដែរនោះ ក៏គេរំពឹងថា នឹងប្រកាសចេញលក់លើទីផ្សារ នៅរដូវភ្លៀងនេះដែរ។

/

Bloomberg និយាយថា ក្រុុមហ៊ុន Apple នឹងប្រកាសលក់ទូរសព្ទ iPhone ជាច្រើនពណ៌ផ្សេងគ្នា ប៉ុន្ដែមិនបានបង្ហើបថា ពណ៌ទាំងនោះ ថ្មីខុសពីពណ៌ស៊េរីបច្ចុប្បន្ន ដែលក្រុមហ៊ុន  Apple បានលក់ហើយនោះទេ។ ភ្លាមៗនេះ ក្រុមហ៊ុន Apple ពុំទាន់អាចឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយ ចំពោះរឿងនេះនៅឡើយទេ ៕

/

ប្រែសម្រួល៖  សារ៉ាត

ប្រភព៖ សុីអិនប៊ីសុី