អគ្គីភ័យមួយបានឆាបឆេះនៅរដ្ឋធានី Doha នៃប្រទេស Qatar កាលពីម្សិលមិញ បណ្ដាលអោយមនុស្សជាច្រើននាក់ត្រូវបាត់បង់ជីវិត ក្នុងនោះភាគច្រើនគឺជាកុមារ។

width=480

ផ្សែងងងឹតចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្ម Villaggio

AFP ដកស្រង់សំដីរបស់រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ Qatar លោក Abdullah bin Nasser Al-Thaniបានអោយដឹងថា ភ្លើងបានចាប់ផ្ដើមឆាបឆេះចេញពីកុមារដ្ឋានមួយក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មVillaggio។ លោក Al-Thani ថ្លែងថា ៖ សេចក្ដីរាយការណ៍ពីអគ្គីភ័យនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង ១១ និង២នាទី ភ្លាមនោះ ក្រុមអ្នកពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុ។

មានកុមារប្រមាណជា ២០នាក់ កំពុងស្ថិតនៅក្នុងកុមារដ្ឋានរបស់មជ្ឈមណ្ឌល Villaggio ហើយការជួយសង្គ្រោះត្រូវបានផ្ដោតទៅលើការជំលៀសកុមារទាំងនេះ។

ស្ដ្រីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ Qatar បានអោយដឹងថា ក្នុងចំណោមអ្នកស្លាប់ ១៩នាក់គឺមានកុមារ ១៣នាក់ ក្នុងនោះកុមារ ៤នាក់ជាជនជាតិអេស្បាញ និង ៣នាក់ទៀតមានសញ្ជាតិបារាំង។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល Qatar លោក Khaled al-Qahtani ​បានអោយដឹងដែរថា អ្នករងគ្រោះដល់ជីវិតក្នុងករណីនេះគឺសុទ្ធតែបណ្ដាលមកពីស្ទះដង្ហើមដោយសារផ្សែង។ ក្រៅពីអ្នករងគ្រោះខាងលើក៏មានមនុស្សចំនួន ១៧នាក់ផ្សេងទៀតត្រូវរងរបួសផងដែរ។

ស្ថានិយទូរទស្សន៍ Al-Jazeera មានមូលដ្ឋាននៅ Doha បានរាយការណ៍ថា រាជបុត្រា Sheikh Tamim bin Hamad al-Thani ក៏បានបញ្ជាអោយបង្កើតគណកម្មការពិសេសមួយដើម្បីស្រាវជ្រាវរកមូលហេតុនៃករណីនេះ។

គួរំឭកថា មជ្ឈមណ្ឌល Villaggio មានទំហំ ១២៥.០០០ម២ ត្រូវបានបើកដំណើរការកាលពីឆ្នាំ ២០០៦។ មជ្ឈមណ្ឌល Villaggio ត្រូវបានសាងសង់ឡើងយកតាមលំនាំកាស៊ីណូ Venetian នៅMacau៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE