ការគេងស្រណុកអាចជាបញ្ហាដ៏ធំមួយ សម្រាប់មនុស្ស ដែលតែងតែគេងស្រម៉ុក ព្រមទាំងមនុស្ស ដែលគេងគ្រែរួមគ្នា ឬគេងក្បែរគ្នា ពីព្រោះការគេងស្រម៉ុកបង្កជាសម្លេងគឹកគង ដែលរំខានដល់ដំណេក។ សម្លេងស្រម៉ុកអាចកើតមានឡើង នៅពេលដែលមានអ្វីរាំងខ្ទប់នូវផ្លូវដង្ហើមតាមច្រមុះ និងមាត់។ ម្យ៉ាងទៀត វាអាចជារោគសញ្ញាមួយនៃអាការៈម្យ៉ាងឈ្មោះថា ការថប់ដង្ហើមពេលគេង ដែលជាអាការៈមួយធ្វើឱ្យមនុស្សអាចត្បៀតដង្ហើមបានពាក់កណ្ដាល ឬអត់ដកដង្ហើមតែម្ដងរយៈពេល ១០វិនាទី នៅអំឡុងពេលគាត់គេង។ ទោះបីការគេងមិនត្រូវបានចាត់ទុកថា ជាបញ្ហាសុខភាពក៏ដោយ ក៏វាអាចរំខានដល់ដំណេក និងជាសញ្ញាបញ្ជាក់ថា ប្រាកដជាមានអ្វីមួយខុសប្រក្រតីចំពោះរាងកាយរបស់អ្នកមិនខាន។ ចំពោះហេតុផល យើងសូមណែនាំឱ្យអ្នកទៅជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកអង្កេតឃើញថា ខ្លួនអ្នកគេងស្រម៉ុកញឹកញាប់។ ចំពោះដំណោះស្រាយដទៃទៀត យើងមាននូវវិធីធម្មជាតិដើម្បីបញ្ឈប់ការគេងស្រម៉ុក ហើយជាលទ្ធផលអ្នកនឹងអាចបង្កើនគុណភាពនៃដំណេករបស់អ្នក។

ហេតុអ្វីអ្នកគេងស្រម៉ុក? ការគេងស្រម៉ុកអាចបណ្ដាលមកពីមូលហេតុ នៃការទទួលទានគ្រឿងស្រវឹងច្រើនលើសកំណត់ សភាពធាត់ជ្រុល គ្រុនផ្ដាសាយ អាលែក្សី ឬបញ្ហាដទៃទៀត ដែលទាក់ទងទៅនឹងការតឹងច្រមុះ អំឡុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ច្រមុះខុសទ្រង់ទ្រាយពីកំណើត និងអាហារូបត្ថម្ភមិនគ្រប់គ្រាន់។

/

តើគួរព្យាបាលអាការៈគេងស្រម៉ុកនេះតាមវិធីណា? ត្រង់ចំណុចនេះយើងមាននូវគន្លឹះ និងវិធីព្យាបាលធម្មជាតិជាច្រើន ដើម្បីព្យាបាកការគេងស្រម៉ុក។ ដូច្នេះសូមផ្ដោតការយកចិត្ដទុកដាក់ និងសាកល្បងអនុវត្ដវិធីទាំងនេះ។

 

ចៀសវាងការទទួលទានគ្រឿងស្រវឹង និងប្រើថ្នាំរំងាប់អារម្មណ៍៖ ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណ មានលក្ខណៈស្រដៀងទៅនឹងការប្រើថ្នាំរំងាប់អារម្មណ៍ដែរ គឺរំងាប់ ឬធ្វើឱ្យប្រព័ន្ធ សរសៃប្រសាទកណ្ដាល សាច់ដុំសន្ទះទ្រូង និងថ្ពាមសម្រាក ដែលបង្កើនឱកាសឱ្យអ្នកគេងស្រម៉ុក។

ព្យាយាមសម្រកទម្ងន់៖ ប្រសិនបើអ្នកធាត់ជ្រុល អ្នកគួរតែជ្រើសរើសអាហារល្អៗសម្រាប់សុខភាព ធ្វើលំហាត់ប្រាណ និងអនុវត្ដវិធីដទៃទៀតដើម្បីសម្រកទម្ងន់។ សភាពធាត់ជ្រុលគឺជាហេតុផលដ៏សាមញ្ញបំផុត ដែលធ្វើឱ្យអ្នកគេងស្រម៉ុក ពីព្រោះវាដាក់សម្ពាធទៅលើផ្លូវដង្ហើមរបស់អ្នក និងធ្វើឱ្យអ្នកពិបាកក្នុងការដកដង្ហើម។

ព្យាបាលអាលែក្សី៖ មនុស្ស ដែលមានអាលែក្ស៊ីច្រមុះគឺងាយនឹងគេងស្រម៉ុកណាស់។ មូលហេតុនេះហើយ ទើបយើងណែនាំឱ្យអ្នកព្យាបាលអាលែក្ស៊ីច្រមុះដោយថ្នាំសម្រួលការដកដង្ហើម(decongestant) និងថ្នាំ antihistamine។ ម្យ៉ាងទៀត អ្នកត្រូវឱ្យប្រាកដថា អ្នកមិនបណ្ដោយឱ្យធូលីកពូននៅលើគ្រឿងសង្ហារឹម កម្រាលព្រំ និងវាំងនននោះទេ ពីព្រោះវាធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ។

គេងចំហៀង៖ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា មនុស្សដែលគេងផ្ងារទំនងជាគេងស្រម៉ុក។ មូលហេតុដូច្នេះហើយ ទើបយើងណែនាំឱ្យគេងចំហៀង។ ដើម្បីឱ្យទម្លាប់ជាមួយនឹងការគេងចំហៀងនេះ វិធីដ៏ប្រសើរគឺត្រូវដាក់គ្រាប់បាល់ Tennis ខ្ចប់ជាមួយស្រោមជើងដាក់នៅលើគ្រែគេងរបស់អ្នក ដែលធ្វើភាពរំខាននេះញ៉ាំងឱ្យអ្នកគេងចំហៀង។

ជ្រើសរើសខ្នើយខ្ពស់មកគេង៖ ការប្រើខ្នើយគេងខ្ពស់បង្កើនខ្យល់ដង្ហើមតាមរយៈរន្ធច្រមុះ និងមាត់របស់អ្នក ដែលមានប្រសិទ្ធភាពកាត់បន្ថយការកើតឡើងនៃអាការៈស្រម៉ុក៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth