អង់គ្លេស ៖ យន្តហោះ របស់អាកាសចរណ៍ចក្រភពអង់គ្លេសមួយគ្រឿង ត្រូវបានរកអោយឃើញថា បង្ខំចិត្តចុះចតមួយរំពេច នៅឯអាកាសយានដ្ឋាន Heathrow បន្ទាប់ពីមានការហុយផ្សែង ផ្ទុះឆេះម៉ាស៊ីន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ។

ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់អោយដឹងផងដែរថា ជើងហោះហើរជាងពីររយត្រូវបានលុបចោល ខណៈពេលដែលជើងហោះហើរមួយចំនួនផ្សេងទៀត ក៏ត្រូវបានពន្យាពេលផងដែរ ។ លើសពីនេះ ទៅទៀត ប្រភពសារព័ត៌មានដដែល បានអះអាងបន្ថែមអោយដឹងផងដែរថា ពុំមានអ្នកធ្វើដំណើរណាមួយទទួលរងរបួសនោះទេ ក្នុងឧបទ្ទេវហេតុដ៏រន្ធត់ខាងលើនេះ ខណៈពេលដែលយន្តហោះ របស់អាកាសចរណ៍ចក្រភពអង់គ្លេស Airbus A319 មួយគ្រឿងនេះ ផ្ទុកទៅដោយអ្នកធ្វើដំណើរ ៧៥ នាក់ និងបុគ្គលិក ៥ នាក់ផ្សេងទៀត។


យ៉ាងណាមិញ បន្ទាប់ពីបានជួបនូវឧបទ្ទេវហេតុផ្ទុះឆេះម៉ាស៊ីន ពេលកំពុងធ្វើការហោះហើរនេះ មន្រ្តីជំនាញមកពីក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស សហការជាមួយនឹងមន្រ្តីមកពីអង្គភាព តាមដានស៊ើបអង្កេតពិសេស ឧបទ្ទេវហេតុដែនអាកាស Air Accident Investigation បានធ្វើការរួមគ្នា ដោយតាមដានស៊ើបអង្កេត ពីមូលហេតុដែលបានធ្វើអោយម៉ាស៊ីនយន្តហោះផ្ទុះឆេះយ៉ាងដូច្នេះ ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ