នគរបាលក្រុង Chengdu ប្រទេសចិន បានចាប់ខ្លួនបុរស ៧នាក់ ដែលស្លៀកពាក់ជាស៊ុនអ៊ូខុង បន្ទាប់ពីពួកគេបានធ្វើ “សង្គ្រាម” នៅកណ្ដាលដងផ្លូវក្នុងក្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ ចុងសប្ដាហ៍មុន។ អ្នកដំណើរដែលបានឆ្លងកាត់ផ្លូវមួយក្នុងក្រុង Chengdu មានភ័យខ្លាចនៅពេលបានឃើញ “ស៊ុនអ៊ូខុង” ចំនួន៧នាក់ បានវាយគ្នានៅលើដងផ្លូវ។ សាក្សីជាច្រើនដែលបានឃើញហេតុការណ៍ បានទូរស័ព្ទហៅនគរបាល។

/

ក្រុមនគរបាលក៏មានការភ្ញាក់ផ្អើល ពេលទទួលបានរបាយការណ៍ថា មានស៊ុនអ៊ូខុង កំពុងវ៉ៃគ្នានៅលើដងផ្លូវ។ ពេលមកដល់កន្លែងកើតហេតុ នគរបាលទើបដឹងថា ពិតជាមាន “ស៊ុនអ៊ូខុស” កំពុងប្រយុទ្ធគ្នាឡើងបែកឈាមពិតមែន។

បន្ទាប់មក នគរបាលក៏បានចាប់ឃាត់ខ្លួន “ស៊ុនអ៊ូខុង” ទាំង៧នាក់នេះទៅកាន់ការិយាល័យ។ តាមពិត នេះគឺជាបុរសទាំង៧នាក់ដែលស្លៀកពាក់ជាស្ដេចស្វាស៊ុនអ៊ូខុង ដែលល្បីឈ្មោះនៅក្នុងខ្សែភាពយន្តចិន រឿង “ថាងចេងទៅចម្លងធម៌”។

ដំបូងឡើយ នគរបាលពិតជាមានការលំបាកក្នុងការកំណត់ឱ្យដឹងប្រាកដថា អ្នកណាកំពុងវាយប្រហារអ្នកណា ព្រោះពួកគេភាគច្រើន ស្លៀកពាក់ដូច “ស្ដេចស្វា” ក្នុងរឿង “ថាងចេងទៅចម្លងធម៌”។ មិនត្រឹមតែប៉ុណ្ណោះ “ស្ដេចស្វា” ទាំងនេះ សុទ្ធតែថ្លង់ដូចគ្នា ដូច្នេះ មិនអាចស្ដាប់ឮនូវការស្នើពីនគរបាល។ ចុងក្រោយ នគរបាលក៏បានចាប់ “ស្ដេចស្វា” ទាំងអស់នេះ នាំខ្លួនទៅកាន់ប៉ូស្ដិ៍។

អ្នកជំនាញខាងភាសាកាយវិការម្នាក់ត្រូវបានអញ្ជើញឱ្យមកសួរនាំក្រុម “ស្ដេចស្វា” នេះ។ បន្ទាប់ពីបានសួរនាំ ទើបគេដឹងថា បុរសទាំង៧នាក់នេះ គឺជាមនុស្សមកពីក្រុមសិល្បៈពីរក្រុមផ្សេងគ្នា ដែលមានជំនាញខាងតុបតែងខ្លួនជា “ស៊ុនអ៊ូខុង” ដើម្បីសំដែង ក៏ដូចជាថតរូបជាមួយអ្នកដំណើរនៅតាមដងផ្លូវ។

ប៉ុន្តែ នៅពេលបានជួបទល់មុខគ្នា ក្រុមសិល្បៈទាំងពីរនេះ ក៏បានសម្រេចប្រយុទ្ធគ្នាដើម្បីដណ្ដើមទីកន្លែងដែលមានអ្នកដំណើរឆ្លងកាត់ច្រើន។ ការប្រយុទ្ធគ្នានេះ បាននាំឱ្យមាន “ស្ដេចស្វា” ខ្លះត្រូវបែកមុខបែកមាត់ ហូរឈាមដូចក្នុងភាពយន្ត។

/

ចុងក្រោយ ក្រោមការណែនាំពីនគរបាល ក្រុមទាំងពីរនេះក៏បានយល់ព្រមស្រុះស្រួលគ្នា ក្នុងនោះ អ្នកដែលត្រូវរបួស ទទួលបានប្រាក់សំណង ១.៥០០យ័ន។ ក្រោយមក នគរបាលក៏អនុញ្ញាតឱ្យក្រុមទាំងពីរនេះ បន្តការសំដែងនៅតាមដងផ្លូវរបស់ពួកគេ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Shanghaiist